(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋាចរនាសម្ព័ន្ធនានា, នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចបានអញ្ជើញចុះពិនិត្យប្រព័ន្ធរំដោះទឹកកខ្វក់ដែលបានសាងសង់រួច។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលមានគោលបំណង កែប្រែឲ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ ជាដើម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ។ សម្រាប់ជំហានដំបូង រាជរដ្ឋាភិបាលបានផ្តល់នូវថវិកាដោយផ្ទាល់ ដែលនិយាយថា ជាបាតដៃខ្មែរសុទ្ធសាធ ទាំងការធ្វើផ្លូវ និងប្រព័ន្ធរំដោះទឹកស្អុយនេះ។ ចំពោះប្រព័ន្ធរំដោះទឹកស្អុកនេះ រាជរដ្ឋាភិបាលបានសាងសង់៣កន្លែង ហើយបច្ចុប្បន្នរួចរាល់ចំនួន២កន្លែងហើយ ខណៈមួយកន្លែងទៀតកំពុងបើកការដ្ឋានសាងសង់ ដែលមានសមត្ថភាពជាង២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បញ្ហាបរិស្ថានក្លាយទៅជាបញ្ហាសំខាន់របស់ជាតិយើង ហើយក៏ជារបស់ពិភពលោកផងដែរ ដូច្នេះទើបយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួម សម្រាប់ទីក្រុងរបស់យើងនេះ។ អស់លោកបានឃើញហើយ ចាប់តាំងពីទឹកស្អុយ ចម្រោះរហូតដល់អាចចិញ្ចឹមត្រីបាន។ នេះចេញមកពីការខិតខំរបស់យើងទាំងការគិត ទាំងការខិតខំទទួលខុសត្រូវរកប្រាក់ ដើម្បីកសាងសមិទ្ធផលទាំងនេះ ដែលនេះជាមោទនភាពរបស់ជាតិខ្មែរ ដែលយើងខិតខំតស៊ូងើបឡើងពីគំនរផេះផង់ រហូតកសាងទីក្រុងគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដ៏ទំនើប»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុរបស់យើង មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រនោះទេ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការដែលរាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្សជាន់បច្ចុប្បន្ន និងក្មេងជំនាន់ក្រោយផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួចហើយ ក៏មានការគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាជំនួយរបស់ចិន ក្នុងទឹកប្រាក់ប្រមាណ២០០លានដុល្លារទៀតផងដែរ។

ជាថ្មីម្តងទៀត សម្តេចបានបង្ហាញនូវការសោកស្តាយដែលជំងឺកូវីដ១៩ បានបំផ្លាញថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ បើមិនមានកូវីដ១៩ទេ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិការបស់ខ្លួនទាំងអស់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នចាំបាច់ទាំងក្នុងខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀត។ តែកូវីដ១៩ តម្រូវឲ្យរាជរដ្ឋាភិបាលបង្វែរថវិកាទាំងនោះទៅជួយប្រជាជន និងស្តារសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំស្តារសេដ្ឋកិច្ច និងសន្សំប្រាក់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដោយខ្លួនឯង ព្រោះការធ្វើដោយខ្លួនឯង មានសន្ទុះលឿនជាងដៃគូអភិវឌ្ឍន៍។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា នៅខេត្តជាប់មាត់សមុទ្រ និងខេត្តជាប់ទន្លេផ្សេងៗទៀត ក៏ចាំបាច់ត្រូវមានប្រព័ន្ធចម្រោះទឹកកខ្វក់ ដូចខេត្តព្រះសីហនុនេះផងដែរ ដើម្បីធានាបាននូវបរិស្ថានល្អ ដែលជាការងារចាំបាច់។

សម្តេចក៏បានរំលឹកអំពើការលើកឡើង របស់សម្តេចកាលពីឆ្នាំ១៩៨៨ថា «កុំធ្វើឲ្យកម្ពុជាក្លាយជាធុងសំរាម បោះចោលនូវបច្ចេកវិទ្យាហួសសម័យ» ព្រោះពេលនោះមានការលក់សម្ភារៈថោកៗពីអឺរ៉ុបឲ្យកម្ពុជា ដែលធ្វើឲ្យកម្ពុជាពិបាកក្នុងការប្រើប្រាស់។ ដូច្នេះហើយទើបសម្តេចប្រកាសថា «អ្វីក៏ដោយត្រូវតែទំនើប ទើបយកមកកាន់កម្ពុជា»។ ជាស្តែងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុនេះ ក៏ជាបច្ចេកវិទ្យាទំនើបចុងក្រោយមកពីប្រទេសអ៉ីស្ត្រាអែល។

សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទាន់ហ៊ាន ប្រកាសឲ្យប្រជាជនយកទឹក ដែលចម្រោះបាននេះទៅទទួលទានដ៏ប្រទេសជឿនលឿនផ្សេងទៀតឡើយ ប៉ុន្តែប្រសិនប្រជាជនខ្វះទឹកចិញ្ចឹមត្រី អាចមកទទួលទឹកនេះ ទៅចិញ្ចឹមត្រីបាន ស្រោចដំណាំបាន ដោយមិនគិតថ្លៃ៕