(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ញើរសារលិខិតរំលែកទុក្ខជូនលោក ហុង ឡុង នាយកខុទ្ទកាល័យ និងលោកស្រី ញាណ ស៊ូងី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧបាសក ហុង ចាន់ថា ដែលត្រូវជាឪពុកក្មេករបស់លោក។

ក្នុងសាររំលែកទុក្ខនោះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្នុងនាមខ្ញុំផ្ទាល់សូមសម្តែងនូវសមានទុក្ខ ដ៏ក្រៀមក្រំ និងមានក្តីក្តុកក្តួលយ៉ាងខ្លាំង ពេលបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសក ហុង ចាន់ថា ដែលត្រូវជាលោកឪពុកក្មេក ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ បានទទួលមរណភាពនាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ»

លោកស្រីចាត់ទុកថា មរណភាពរបស់ ឧបាសក ហុង ចាន់ថា គឺជាការបាត់បង់នូវលោកឪពុកបង្កើត លោកឪពុកក្មេកនិងជីតា ជាទីគោរពស្រលាញ់បំផុតរបស់កូនៗ ព្រមទាំងចៅៗ និងជាម្លប់ដ៏កក់ក្តៅ ប្រកបដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ឱវាទដំបូន្មានល្អដល់បុត្រាបុត្រី ចៅៗឱ្យក្លាយជាពលរដ្ឋល្អរបស់សង្គម។

«យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំយ៉ាងក្រៃលែងជាមួយ ឯកឧត្តម ហុង ឡុង និងលោកជំទាវ ញាណ ស៊ូងី ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឧបាសក ហុង ចាន់ថា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា»។ នេះបើតាមលិខិតរំលែកទុក្ខ៕