(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយដីចំនួនពីរលើកនៅភាគនិរតីប្រទេសជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់ កើនដល់៥០នាក់ហើយ និងជាង២,០០០នាក់ទៀតរបួស ស្របពេលដែលលំនៅដ្ឋានរបស់ប្រជាជន ១,៧០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។

គ្រោះរញ្ជួយដី​បានកើតឡើងចំនួនពីរដងក្នុងសប្តាហ៍នេះ នៅប្រជុំកោះ Kyusu ភាគនិរតីជប៉ុន ដែលលើកទីមួយបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្ស ០៩នាក់ស្លាប់ និងជាង១០០នាក់ រងរបួស ហើយវាមានកម្រិតតែ៦,២ រ៉ិចទ័រប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កាលពីព្រឹកថ្ងៃសៅរ៍ គ្រោះរញ្ជួយដីម្តងទៀត មានកម្រិតរហូតដល់ ៧,៣ រ៉ិចទ័រ បានវាយប្រហារកន្លែងដដែល បានបង្កមហន្តរាយកាន់តែខ្លាំងជាង មុនថែមទៀត៕