(ភ្នំពេញ)៖ យោងតាមព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះថា ក្រសួងការបរទេសកម្ពុជា សូមស្វាគមន៍សេចក្តីសំរេចថ្មីៗនេះ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីនហុង (Jinhong Hydro-power Station) ខេត្តយូណាន ចូលមកទន្លេមេគង្គក្រោម ចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ នេះ ដើម្បីជួយសំរាលផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះរាំងស្ងួតមកលើ បណ្តាប្រទេសតំបន់មេគង្គក្រោម រួមទាំងកម្ពុជាផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានបញ្ជាក់ថា ការបើកបង្ហូរទឹកចូលមកទន្លេមេគង្គ បានបង្ហាញជាថ្មីម្តងទៀតពីកិច្ចសហប្រតិបត្តិការដ៏ល្អ លើការគ្រប់គ្រងធនធានទឹករវាងបណ្តាប្រទេសមេគង្គ និងចិន ។

សូមបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន ធ្លាប់បានបើកបង្ហូរទឹកចំនួនពីរលើករួចមក ហើយក្នុងរវាងពីខែមករា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នេះ សំរាប់ការប្រើប្រាស់បន្ទាន់របស់ប្រទេសបណ្តាប្រទេសតំបន់មេគង្គក្រោម។