(ភ្នំពេញ)៖ នៅក្នុងឱកាសចូលឆ្នាំថ្មីនេះលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមគ្រួសារ ជាមួយនិងសហសេវិក បានចុះសួរសុខទុក្ខ កងកម្លាំងប្រចាំការនៅតាមព្រំដែនខ្មែរ ឡាវ ជាពិសេសតំបន់ដែលពុំទាន់បានដោះស្រាយ ដុងក្រឡតាមបណ្តោយផ្លូវជាតិ ឆ្ពោះទៅកាន់ច្រកអន្តរជាតិខ្មែរ-ឡាវ និងច្រករបៀងអូស្វាយ ដែលនៅជាប់និងដងទន្លេមេគង្គ។

លោក ផៃ ស៊ីផាន បានរៀបរាប់ថា ចំណុចដុងក្រឡ នគរបាលការពារព្រំដែនកម្ពុជា បានហាមឃាត់មិនឲ្យភាគីឡាវ សង់សំណង់រឹង នៅតាមបណ្តោយខ្សែព្រំដែន ទោះបីជាអនុស្សារណយោគយល់គ្នា បានចុះហត្ថលេខាទទួលស្គាល់។ កន្លែងដែលសាងសង់សំណង់នោះ ស្ថិតនៅក្នុងដែនដីឡាវក៏ដោយ។ ដោយតម្រួតព្រំដែនកម្ពុជា រង់ចាំការបោះបង្គោលព្រំដែនឲ្យបានរួចរាល់ជាមុនសិន។ រីឯចំណុចអូស្វាយ ដែលជាច្រករបៀង ក៏ពុំមានសេចក្តីសម្រេចណាមួយនៅឡើយទេ។ កិច្ចចចារនៅតែបន្ត។

លោក ស៊ីផាន បានបញ្ជាក់ទៀតថា​ ចំណុចឈរជើងនេះ ជាចំណុចអតីតកាលនៃប៉ុស្ត៍បារាំង ក្នុងកិច្ចការរដ្ឋបាល ក្នុងការនាំចេញភោគផល នេសាទពីកម្ពុជា ទៅកាន់ប្រទេសឡាវ។ បច្ចុប្បន្ននេះក៏ជាចំណុចសំខាន់ក្នុងការនាំចេញទៅកាន់ឡាវ និងថៃ នូវភោគផលត្រីសាច់។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺតំបន់រដ្ឋបាលច្រកអន្តរជាតិ ពុំទាន់មានទឹកស្អាតសម្រាប់ប្រើប្រាស់នៅឡើយទេ ដែលជាផលរំខានក្នុងការងាររដ្ឋបាល។ សង្ឃឹមថា ដំណោះស្រាយនឹងកើតមាននៅពេលខ្លីខាងមុខនេះ៕