(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ ដែលបានគាំទ្រ កម្ពុជាធ្វើជាប្រធានអាស៊ាន និងជួយគាំទ្រកម្ពុជា ជាប្រធានកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) ឱ្យទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដូចនេះ នាល្ងាចថ្ងៃទីទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងឱកាសទទួលបដិសណ្ឋារកិច្ច និងមានជំនួបទ្វេភាគីជាមួយលោក ផនខាំ វីផាវ៉ាន់ ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះថា «សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោក វីផាវ៉ាន់ ដែលបានគាំទ្រ កម្ពុជាប្រធានអាស៊ាន និងចូលរួមកិច្ចប្រជុំ ASEM (កំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ) ជួយគាំទ្រកម្ពុជាជាប្រធាន ASEM កន្លងមក ដែលធ្វើឱ្យកម្ពុជាបានទទួលជោគជ័យនៅក្នុងកិច្ចការប្រជុំ ASEM»

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានការចូលរួមពីថ្នាក់ដឹកនាំ ៥១ប្រទេស និង ២ស្ថាប័នតំបន់ (សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) ជាដៃគូ តាមប្រព័ន្ធវីដេអូ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យ។

ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា នៅឆ្នាំ២០២២ខាងមុខនេះ និងធ្វើជាប្រធានអាស៊ានផងដែរ៕