(ភ្នំពេញ)៖ មេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិត ចូលរួមរំលែកមរណទុក្ខ ទូលថ្វាយព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សារលិខិតរំលែកព្រះមរណទុក្ខ ពីប្រធានគណៈមេធាវីកម្ពុជា បានបញ្ជាក់ថា៖ «ទូលព្រះបង្គំនិងភរិយា ព្រមទាំងសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-
សមាជិកា និងបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីតក់ស្លុត រំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទីវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ទូលព្រះបង្គំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃគណៈមេធាវី សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ចំពោះការបាត់បង់នូវព្រះរាជឥស្សរជនដ៏ឧត្តមមួយព្រះអង្គនៃព្រះរាជវង្សានុវង្ស ដែលទ្រង់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ចូលរួមក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ដោយអង់អាចក្លាហានជាទីបំផុត។

«ទន្ទឹមនឹងនេះ ទូលព្រះបង្គំនិងភរិយាសូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងនូវព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងទៅកាន់ឋានព្រះបរមសុខក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះអង្គម្ចាស់ក្សត្រិយ៍ និងព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ ទទួលនូវសេចក្តីគោរព
ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំនិងភរិយា»។ នេះបើតាមសារលិខិតរំលែកព្រះមរណទុក្ខ ពីប្រធានគណៈមេធាវីកម្ពុជា។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕