(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិតចូលរួមរំលែកព្រះមរណទុក្ខទូលថ្វាយព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រីព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសារលិខិតរំលែកទុក្ខរបស់លោក គង់ វិបុល បានបញ្ជាក់ថា «ទូលព្រះបង្គំ និងក្រុមគ្រួសារមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំសូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ជាព្រះជាយា និងព្រះរាជបុត្រាបុត្រី ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយអនិច្ចលក្ខណធម៌សង្វេគសោកស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា»។

លោក គង់ វិបុល បានបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយាងសោយសុខក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩៖៤០ព្រឹក ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោងវេលា៣៖៤០នាទីរសៀល ម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ គណបក្សហ៊្វុនស៉ិនប៉ិចបានអះអាងថា ព្រះសពសម្តេចក្រុមព្រះនឹងត្រូវយាងដង្ហែមកកាន់កម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕