(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិតចូលរួមរំលែកទុក្ខ ទូលថ្វាយ ព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រីព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសាររំលែកទុក្ខរបស់លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «ទូលព្រះបង្គំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងទេសចរណ៍ទាំងមូល មានសេចក្តីតក់ស្លុតរន្ធត់ចិត្ត និងក្រៀមក្រំបំផុត ដោយបានទទួលដំណឹងថាសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាប្រធាន ក្រុមខត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ ។

ការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជន ក្នុងព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គ ដែលទ្រង់ធ្លាប់បានបូជាកម្លាំង ព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ចូលរួមចំណែកយ៉ាងសកម្មបម្រើក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចណ៍ទាំងមូល សូមចូលរួមព្រះមរណទុក្ខ ជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្ស និងសូមឧទ្ទិសបួងសួងនូវព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេច
ក្រុមព្រះនរោត្តម រណឬទ្ធិ សូមទ្រង់យាងទៅកាន់ឋានព្រះបរមសុខក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕