(តូក្យូ)៖ លោក Yoshihide Suga អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានថ្លែងនៅមុនបន្តិចថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិ រញ្ជួយដីនៅជប៉ុន បានកើនឡើងដល់២៩នាក់ និងរបួសជាង១,៥០០នាក់ ដោយក្នុងនោះ ៨០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងអការៈធ្ងន់ធ្ងរខ្លាំង។ នេះបើតាមការចេញផ្សាយដោយ Dailymail របស់អង់គ្លេសនៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦។

គ្រោះរញ្ជួយដី​បានកើតឡើងចំនួនពីរដងក្នុងសប្តាហ៍នេះ នៅប្រជុំកោះ Kyusu ភាគនិរតីជប៉ុន ដែលលើកទីមួយបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្ស០៩នាក់ស្លាប់ និងជាង១០០នាក់រងរបួស ហើយវាមានកម្រិតតែ៦,២រ៉ិចទ័រប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កាលពីព្រឹកមិញនេះ គ្រោះរញ្ជួយដីម្តងទៀត វាមានកម្រិតរហូតដល់ ៧,៣រ៉ិចទ័រ ដែលបានបង្កមហន្តរាយកាន់តែខ្លាំងជាង មុនថែមទៀត។

មនុស្សជាង២០,០០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ស្របពេលដែលចំនួនមនុស្សស្លាប់ អាចនឹងកើនឡើងច្រើនជាងនេះទៀត។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធជារួម និងលំនៅដ្ឋានរាប់ពាន់ខ្នងផងដែរ បានខូចខាតស្ទើរទាំងស្រុង៕