(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ រួមនិងសិស្សានុសិស្ស បានចូលរួមក្នុងពិធីទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណសួនច្បារក្រុងសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក ប៉ែន កុសល្យ បានលើកឡើងថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិនាពេលនេះ គឺក្នុងគោលបំណងបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមធ្វើអនាម័យ និងកែលម្អសោភ័ណភាពមូលដ្ឋានរបស់ខ្លួនឱ្យស្អាត និងបៃតង សំដៅកែប្រែផ្នត់គំនិតរបស់សាធារណជនគ្រប់មជ្ឈដ្ឋានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន និងជំរុញការអនុវត្តគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជននីខេត្ត ក្រុង-ស្រុកទូទាំងប្រទេសឱ្យមានភាពល្អប្រសើរឡើង។

លោកអភិបាលខេត្តបានថ្លែងទៀតថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងបរិបទដែលកម្ពុជា និងពិភពលោកបាននិងកំពុងខិតខំបើកដំណើរការប្រទេសឡើងវិញតាមគន្លងថ្មី ក្រោយពីរងនូវផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោកថា បន្ថែមពីខឿនសុខុមាលភាពដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកសាងឡើងតាមរយៈគោលនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ការចូលរួមសម្អាតអនាម័យបរិស្ថានជាប្រចាំរបស់ប្រជាពលរដ្ឋ ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាលបានល្អ នឹងធ្វើឱ្យសុខភាពរបស់យើងល្អ និងអាចទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបង្ការជំងឺឆ្លងផ្សេងៗបាន និងអាចសន្សំសំចៃថវិកាសម្រាប់ក្រុមគ្រួសារបានផងដែរ។

ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិនេះ ក៏ជាផ្នែកមួយនៃការចូលរួមជំរុញការអនុវត្តគោលនយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលលើកឡើងអំពីភូមិឃុំសង្កាត់ ត្រូវតែមានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ សំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យក្នុងភូមិឃុំសង្កាត់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះស្រាយសំរាម ធ្វើឱ្យភូមិឃុំសង្កាត់មានសោភ័ណភាព និងផាសុកភាព។

ជាមួយគ្នានេះ រៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រនៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារជាដើម។

សូមបញ្ជាក់ថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ អនក្រ បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងលើកកម្ពស់ការ អប់រំ ផ្សព្វផ្សាយ និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិតឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែក កសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។ កម្ពុជាបានប្រារព្ធទិវាអនាម័យបរិស្ថាននេះជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗ សំដៅចូលរួមក្នុងការធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន៕