(ស្ទឹងត្រែង)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីផ្តល់ឱកាសឱ្យនិស្សិតនៅខេត្តស្ទឹងត្រែង បានទៅបន្តការសិក្សានៅវិទ្យាស្ថានទាំង២។

ពិធីចុះអនុស្សរណៈយោគយល់គ្នា បានធ្វើឡើងក្រោមអធិបតីភាពលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកអភិបាលក្រុង មេឃុំ ចៅសង្កាត់ នឹង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក ញ៉ែម សារី បានចាត់ទុកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាវិស័យមួយត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ក្នុងនោះដែរវិស័យនេះបានជំរុញឱ្យមានការ អភិវឌ្ឍន៍ផ្នែកវិស័យឯកជន និងបានចូលរួមចំណែកធ្វើឱ្យមានការកើនឡើង នូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកំលាំងពលកម្មដែលមានជំនាញ និងការរីក ដុះដាលនៃរោងចក្រ សហគ្រាស សិប្បកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនឯកជន មួយចំនួនធំទៀតផងដែរ។

លោក ញ៉ែម សារី ក៏បានសម្តែងនូវមនោសញ្ចេតនាស្ងើចសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់លោកនាយកមជ្ឈមណ្ឌល មន្ត្រីរាជការ សាស្ត្រាចារ្យ នៃមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ដែលយកអស់កំលាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អស់រយៈពេលជាច្រើនឆ្នាំកន្លងមក គឺជាការរួមចំណែក ធ្វើឱ្យយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។

លោក បួរ វិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះលោកនាយក លោកស្រីនាយិកានៃវិទ្យាស្ថាន ពហុបច្ចេកទេស ភូមិភាគ តេជោសែន សៀមរាប និងស្វាយរៀង ដែលចុះអនុស្សារណៈ យោគយល់គ្នារវាងវិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង។

ក្នុងនោះដែរលោក បួរ វិរុន ជឿជាក់ថា តាមរយៈពិធីចុះ អនុស្សារណៈយោគយល់គ្នានេះ ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូ និងទទួលបាននូវការប្រើ សមត្ថភាព កាន់តែ ប្រសើរ យុវជនយុវតី នៅនៅខេត្តស្ទឹងត្រែង នឹងទទួលបានឱកាសទៅបន្តការសិក្សា ឱកាសហាត់ការ និងឱកាសការងារនៅខេត្តទាំងពីរ និងនៅថ្ងៃខាងមុខ មជ្ឈមណ្ឌលនេះ មានការប្រែប្រួល និងរីកចម្រើនដើម្បីផ្ដល់ជំនាញជូនយុវជន យុវតីក្នុងខេត្តស្ទឹងត្រែងបានកាន់តែច្រើន។

ក្នុងឱកាសចុះ MOU ជាមួយវិទ្យាស្ថានទាំង២ លោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើការប្តេជ្ញាពង្រឹងគុណភាព បណ្តុះបណ្តាល ដែលជាចំនុចគន្លឹះ ក្នុងការស្រូបយកសិស្សចូលរៀន និងបង្កើនភាពមានការងារធ្វើ និងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅដល់សិក្ខាកាម និងរក្សា បានល្អបំផុត តាមអនុស្សារណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានទាំងពីរ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ព្រមទាំងពង្រីកការ បណ្តុះបណ្តាល ពីថ្នាក់វិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ លើជំនាញដែលជាតម្រូវកាក្នុងខេត្ត និងក្នុងប្រទេស ៕