(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ជាឃាតករលាក់មុខដ៏សាហាវមួយ ដែលបានសម្លាប់មនុស្សតែមួយប៉ព្រិកភ្នែកប៉ុណ្ណោះ បើលោកអ្នកបើកបរដោយគ្មានការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍នោះ។

ជាក់ស្តែងយ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ បានស្លាប់ និង១៥៣នាក់ផ្សេងទៀតរងរបួស ក្នុងនោះរបួសធ្ងន់៩៧នាក់ និងរបួសស្រាល៥៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា នៅរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ មានបងប្អូនមួយចំនួន ត្រូវតឡប់មកពីស្រុកកំណើត មកកាន់ទីក្រុងភ្នំពេញវិញ ឯអ្នកខ្លះទៀតអាចនឹងត្រឡប់មកវិញ នៅថ្ងៃស្អែក។ ដូច្នេះដើម្បីជាការពញាក់អារម្មណ៍ ឲ្យបងប្អូនបើកបរយានយន្ត ដោយប្រុងប្រយ័ត្ននោះ Fresh News សូមលើកយកនូវវីដេអូមួយ ដែលបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ៗ ដែលកើតឡើងនៅបណ្តាប្រទេសនានា លើពិភពលោក ហើយសង្ឃឹមជឿជាក់ថា បន្ទាប់ពីទស្សនាវីដេអូនេះរួច លោកអ្នករឹតតែប្រុងប្រយ័ត្នក្នុងពេលបើកបរ៕