(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានត្រឡប់ពីខេត្តសៀមរាប មកដល់រាជធានីភ្នំពេញវិញហើយ នៅម៉ោងប្រមាណជា ៩៖០០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយបញ្ចប់ការអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ ជាមួយប្រជាពលរដ្ឋរាប់ម៉ឺននាក់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមក្រុមគ្រួសារ កូនចៅ បានអញ្ជើញទៅចូលរួមក្នុងព្រឹត្តិការណ៍ អង្គសង្ក្រាន្ត ខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦មកម្ល៉េះ។ ក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនោះ សម្តេចបានចូលរួមបើកព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ទស្សនាទស្សនីយភាពប្លែកៗនានា រួមទាំងរាំលេងកម្សាន្តជាមួយ បងប្អូនប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយផងដែរ៕