Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានលម្អិត៖ បាញ់សម្លាប់ប្លន់អ្នកលក់មាសនៅផ្សារកន្ទួត, ក្រុមចោរមិនបានយកទ្រព្យសម្បត្តិនោះទេ ដោយសារអ្នកជិតខាងជួយទាន់

16-04-2016 10:56

(កំពង់ស្ពឺ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៣នាក់ ប្រើកាំភ្លើង​​ AK ២ដើម និងកាំភ្លើងខ្លីមួយដើម ដែលបានបាញ់សម្លាប់ ប៉ងប្លន់អ្នកលក់មាស នៅផ្សារកន្ទួត នាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់មិញនោះ ជាលទ្ធផលក្រុមចោរមិនបានយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការអ្វីនោះឡើយ ដោយសារតែពេលចូលធ្វើសកម្មភាព ហើយបាញ់ប្រហារទៅលើជនរងគ្រោះនោះ ត្រូវបានប្រជាពលរដ្ឋ ក្បែរខាងជួយស្រែក ផ្អើលឆោឡោ ធ្វើឲ្យពួកវារត់គេចខ្លួនចូលក្នុងព្រៃវិញ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ខណ:ដែលបុរសរងគ្រោះជាប្តី កំពុងឈរតអំពូលភ្លើងនៅមុខផ្ទះនោះ ស្រាប់តែក្រុមចោរទាំង៣នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម បានកាត់ខ្សែលួស ចំនួន៦ប្រឡោះ ចូលតាមក្រោយផ្ទះ រួចមកភ្ជង់ នាំជនរងគ្រោះចូលទៅក្នុងផ្ទះ រើទ្រព្យសម្បត្តិឲ្យពួកវា តែភ្លាមៗនោះ ជនរងគ្រោះស្រែកឭដល់អ្នកជិតខាង ផ្អើលពេញភូមិទើបក្រុមចោរ បាញ់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង។

លោក សោម បូរ៉ា ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងប្រាប់ Fresh News ថា ជនសង្ស័យទាំង៣នាក់ បានចេញពីក្នុងព្រៃចូលតាមក្រោយផ្ទះ ហើយបានបាញ់ចំនួន៣គ្រាប់តែ ត្រូវជនរងគ្រោះមួយគ្រាប់បណ្តាលឲ្យស្លាប់តែម្តង ខណ:ជនរងគ្រោះ កំពុងនៅផ្ទះជាមួយប្រពន្ធរបស់ខ្លួន។

លោក សោម បូរ៉ា បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលរបស់លោក និងកម្លាំងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៌ ហើយក៏បាន និងកំពុងរុករកតាមព្រៃ ដើម្បីតាមបង្ក្រាបផងដែរ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ន មានករណីបាញ់ប្លន់ទៀតហើយ ដោយក្រុម ចោរមានគ្នា៣នាក់ ចូលបាញ់ប្លន់អ្នកលក់មាស នៅខាងជើងផ្សារកន្ទួត ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រុមចោរប្រើកាំភ្លើង AK ២ដើម​និងកាំភ្លើងខ្លីមួយដើម បានបាញ់ជនរងគ្រោះចំក្បាលពោះបណ្តាលឲ្យស្លាប់។ ជនរងគ្រោះស្លាប់មានឈ្មោះ​ ទី​ ចឿន ហៅ សុខ ណា ភេទប្រុស​ អាយុ​៤០ឆ្នាំ៕