(ជប៉ុន)៖ សារព័ត៌មាននានារបស់ជប៉ុន បានឲ្យដឹង​នៅព្រឹកថ្ងៃទី១៦ ខែមេសានេះថា គ្រោះរញ្ជួយដីនៅជប៉ុន៧.១រិចទ័រយប់មិញ នៅទីក្រុង Kumamoto មានអ្នកស្លាប់៧នាក់ និងរងរបួសជាង៤០០នាក់ ព្រមទាំងអាគារជាច្រើនត្រូវបានខូចខាត​។

សូមជំរាបថា ភ្លាមៗក្រោយពីរញ្ជួយដីជប៉ុនបានប្រកាស អំពីការព្រមានរលកយក្សស៊ូណាមី អាចនឹងកើតមាននៅតំបន់ជុំវិញ ក្បែរកន្លែងរញ្ជួយដី។ ប៉ុន្តែក្រោយមកក៏ត្រូវបានប្រកាសដកចេញវិញហើយ។

ក្រុមភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ គ្រោះរញ្ជួយដីនេះមានជំរៅ ៧គីឡូម៉ែត្រ ហើយបានកើតឡើងមួយ ថ្ងៃបន្ទាប់មានគ្រោះរញ្ជួយដីកំរិត ៦.៤រិចទ័រ កាលពីម្សិលមិញនៅទីក្រុងនោះដែរ។

នៅទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុននេះ កាលពី២ថ្ងៃមុននេះក៏បានទទួលរងគ្រោះរញ្ជួយដី ៦.៤រិចទ័រផងដែរ។ បានបណ្តាលឲ្យមនុស្សស្លាប់៩នាក់ និងជាង២៥០នាក់រងរបួស ព្រមទាំងបំផ្លាញផ្ទះជាច្រើនខ្នង ប៉ុន្តែយប់មិញក៏មានករណីរញ្ជួយដីមួយទៀតកំរិត ៧.១រិចទ័រ៕