(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកទឹកចិត្តដល់កម្មសិក្សាការីដែលបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ត្រូវចេះចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក នៅពេលចូលបម្រើការងារជាមន្ត្រីរាជការ ដើម្បីរួមគ្នាជួយឱ្យជាតិកម្ពុជាបន្តការរីកចម្រើនទៅមុខប្រកបដោយសន្តិភាព។

ការផ្ដាំផ្ញើការលើកទឹកចិត្តបែបនេះត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គសិក្សាវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ របស់កម្មសិក្សាការីវេន២ពេលរសៀល នៅសាលាភូមិន្ទរដ្ឋបាល នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានកម្មសិក្សាការីចំនួនសរុប៧៦អង្គ/នាក់ ដែលបានសិក្សាតាមប្រព័ន្ធអនឡាញ (Microsoft Team) តាំងពីដើមដល់ចប់។ លោក យក់ ប៊ុនណា បានលើកឡើងថា ការសិក្សាទាំងឡាយមិនមែនបញ្ចប់ត្រឹមនេះនោះទេ គឺមានបន្តទៅមុខទៀតសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា ដូចនៅក្នុងទ្រឹស្ដីនៃការសិក្សាពេញមួយជីវិត។

អ្វីដែលលោកនាយកចង់សង្កត់ធ្ងន់នោះ គឺលោកចង់ឱ្យកម្មសិក្សាការីដែលបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ត្រូវចេះចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក នៅពេលចូលបម្រើការងារជាមន្ត្រីរាជការ ដើម្បីរួមគ្នាជួយឱ្យជាតិកម្ពុជាបន្តការរីកចម្រើនទៅមុខប្រកបដោយសន្តិភាព។ លោកថា ការចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមកនេះ គឺជាការមួយដែលគ្មានទីបញ្ចប់នោះទេ។

លោក យក់ ប៊ុនណា បានថ្លែងយ៉ាងដូច្នេះថា «ការចែករំលែក គឺជាធម្មទានមួយដ៏មានតម្លៃបំផុត ធម្មទានមានតម្លៃជាងទានអ្វីៗទាំងអស់ ដោយសារអ្វី? ដោយសារយើងឱ្យគេ គេបានទទួល យើងអ្នកឱ្យនេះក៏បានមកដែរ បានប្រយោជន៍ទាំងអស់គ្នា , សូមបើកចិត្តឱ្យទូលាយក្នុងការចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក»

រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលរូបនេះបានលើកទឹកចិត្តដល់កម្មសិក្សាការីបន្តថា នៅពេលទទួលបានចំណេះដឹងពីការសិក្សានេះហើយ ត្រូវយកចំណេះដឹងទាំងនោះទៅបំពេញការងារជាមន្ត្រីរាជការឱ្យបានត្រឹមត្រូវ ពិសេសក៏ត្រូវមានព្រហ្មវិហារធម៌ ពោលគឺមានមេត្តា ករុណា មុទិតា ឧបេក្ខា ដែលជាធម៌ដ៏សំខាន់បំផុតក្នុងការទ្រទ្រង់ខ្លួនឯង ទ្រទ្រង់គ្រួសារ ទ្រទ្រង់សហគមន៍ និងទ្រទ្រង់ជាតិទាំងមូល។ ព្រហ្មវិហារធម៌ជាគ្រឹះនៃការកសាងនូវសេចក្ដីសុខ និងសុភមង្គល។

លើសពីនេះ លោក យក់ ប៊ុនណា ក៏បានលើកទឹកចិត្តដល់កម្មសិក្សាការីដែលបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល សូមចូលរួមធ្វើកិច្ចការមនុស្សធម៌ជួយសង្គម ជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្វះខាតផងដែរ។

សូមជម្រាបថា ក្នុងពេលសិក្សាវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់កន្លងទៅនោះ លោក យក់ ប៊ុនណា បានដឹកនាំកម្មសិក្សាការីធ្វើសកម្មភាពមនុស្សធ៌មជាច្រើន ដូចជាចុះជួយការងារមនុស្សធម៌នៅសាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតក្នុងភូមិត្រពាំងក្រាំង ឃុំចង្ក្រង់ ស្រុកចិត្របុរីខេត្តក្រចេះ។ ក្នុងនោះដែរ ដោយមើលឃើញជាក់ស្តែងនូវការខ្វះខាតរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទីនោះ កម្មសិក្សាការីទាំង៧៦អង្គ/នាក់ខាងលើ ក្រោមគំនិតផ្តួចផ្តើមរបស់លោក យក់ ប៊ុនណា បានសាមគ្គីគ្នាចូលរួមជាថវិកាសាងសង់អគារស្នាក់នៅសម្រាប់លោកគ្រូអ្នកគ្រូ១ខ្នង និងជីកស្រះទឹកមួយទាំងមូល សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់សាលា ក៏ដូចជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិផងដែរ៕