(ពោធិ៍សាត់)៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាថ្ងៃប្រកបដោយនក្ខត្តឬក្ស សិរីសួស្ដីជ័យមង្គល និងជាថ្ងៃមហាកិត្តិយសដ៏ឧត្តុង្គឧត្តមយ៉ាងក្រៃលែង ដែលសម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហរទ័យ យាងប្រោសព្រះរាជទានព្រះរាជសង្ឃប្រកាស ដល់ឯកឧត្តម អស់លោក ជាឧត្តមទីប្រឹក្សាផ្ទាល់ចំនួន១២រូប និងជួបសំណេះសំណាល ជាមួយព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ ព្រមទាំងមានព្រះរាជទានព្រះរាជអំណោយ ដល់លោកយាយ លោកតា និងពុទ្ធបរិស័ទ ចំនួន៣៥០នាក់ នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានប្រារព្ធធ្វើ នៅវេទិកាសាលាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះថេរានុថេរៈគ្រប់ព្រះអអង្គ, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត, លោកអភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអភិបាលក្រុងស្រុកមួយចំនួនទៀត។

លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ក្រុងពោធិ៍សាត់ មាន០៧សង្កាត់ ៦៦ភូមិ ១៧,៣៦៦គ្រួសារ ស្មើនឹងប្រជាពលរដ្ឋ ៦៩.៨៦២នាក់។ ដោយឡែកវិស័យសាសនា បរិស័ទមានការគោរពប្រតិបត្តិ ទៅតាមជំនឿរបស់ពួកគាត់រៀងៗខ្លួន មាន០៤សាសនា គឺព្រះពុទ្ធសានា ឥស្លាមសាសនា គ្រីស្ទានសាសនា និងមហាយានសាសនា។ ព្រះពុទ្ធសាសនា មានវត្តសរុប២២វត្ត មានព្រះសង្ឃ៣៦៤អង្គ ភិក្ខុ៧៣អង្គ ក្នុងនោះគណៈធម្មយុត្តិកនិកាយ០១វត្ត មានព្រះសង្ឃ២៧អង្គ និងភិក្ខុ០៤អង្គ។

សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បញ្ញាត្តិតែងតាំង ឯកឧត្តម អស់លោក ចំនួន១២រូប ជាឧត្តមទីប្រឹក្សាផ្ទាល់ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន០៣នាក់ ខេត្តបាត់ដំបង ចំនួន០៣នាក់ និងនៅខេត្តពោធិ៍សាត់ ចំនួន០៦នាក់។

បន្ទាប់ពីប្រកាសថ្វាយខ្លួន ជាឧត្តមទីប្រឹក្សារួចមក សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានសង្ឃដីកាថា ខេត្តពោធិ៍សាត់នេះជាខេត្តទី១ ដែលបានធ្វើពិធីប្រកាសមុនគេ ហើយកន្លងមកធ្លាប់ធ្វើនៅតាមវត្តអារាម និងនៅអង្គរវត្តផងដែរ។ ការមកទទួលព្រះរាជសង្ឃប្រកាសនេះ កើតឡើងដោយសទ្ធាជ្រះថ្លាគ្រប់ៗគ្នាទាំងអស់ ឥតមានកើតឡើងដោយការបង្ខិតបង្ខំនោះទេ គឺចង់មកជួយបម្រើការងារក្នុងព្រះពុទ្ធសានា ក្នុងតួនាទីជាទីប្រឹក្សាផ្ទាល់ សម្ដេចនាយកព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។ យើងដឹងហើយថា ព្រះពុទ្ធសាសនានៅកម្ពុជា គឺបានចាត់ទុកជាសាសនារបស់រដ្ឋ មានបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ សាសនាព្រះពុទ្ធតំណាងដោយនិកាយពីរ គឺធម្មយុត្តិកនិកាយ និងមហានិកាយ។ សម្ដេចព្រះមហាសង្ឃរាជ សូមឲ្យព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅតាមទីអារាមនានា រក្សាតម្លៃព្រះពុទ្ធសាសនាឲ្យមានសេចក្ដីថ្លៃថ្នូរ ចៀសវាងប្រតិបត្តិអ្វីខុសពីវិន័យសង្ឃ។

ក្នុងឱកាសនោះក៍មានរៀបចំអំណោយជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់លោកយាយលោកតាចំនួន៣៥០នាក់ ដែលអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ៕