(ជប៉ុន)៖ យោងតាមព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច នាម៉ោង២៣៖៣៧នាទីយប់ថ្ងៃទី១៥ ខែមេសានេះ ទីក្រុង Kumamoto របស់ជប៉ុន បានទទួលរងគ្រោះរញ្ជួយដីថ្មីមួយទៀត កំរិត ៧.១រិចទ័រ។សញ្ញានៃការព្រមានអំពីរលកយក្សស៊ូណាមី។

ក្រុមភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ គ្រោះរញ្ជួយដីនេះមានជំរៅ ៧គីឡូម៉ែត្រ ហើយបានកើតឡើងមួយថ្ងៃបន្ទាប់មានគ្រោះរញ្ជួយដីកំរិត ៦.៤រិចទ័រ កាលពីម្សិលមិញនៅទីក្រុងនោះដែរ និងកន្លែងទៀតផង។

រដ្ឋាភិបាលជប៉ុនបានប្រកាស អំពីការព្រមានរលកយក្សស៊ូណាមី អាចនឹងកើតមាននៅតំបន់ជុំវិញ ក្បែរកន្លែងរញ្ជួយដី។ ប៉ុន្តែនៅពេលនេះ ការព្រមានត្រូវបានដកចេញវិញហើយ។

សូមជំរាបថា កាលពីម្សិលមិញគ្រោះរញ្ជួយដី៦.៤រិចទ័រ នៅទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់៩នាក់ និងជាង២៥០នាក់រងរបួស ព្រមទាំងបំផ្លាញផ្ទះជាច្រើនខ្នង និងចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ផងដែរ។

អាជ្ញាធរជប៉ុនបញ្ជាក់ថា អាចមានមនុស្សជាប់នៅគំនរអាគារ ប៉ុន្តែមិនទាន់ដឹងអំពីចំនួនពិតប្រាកដនៅឡើយនោះទេ។ រដ្ឋាភិបាលជប៉ុនបានបញ្ជូនទាហាន ១៦០០នាក់ ទៅជួយសង្គ្រោះ។

សូមជំរាបថា នៅភាគខាងត្បូងប្រទេសជប៉ុន បានរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ បន្ទាប់ពីរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ​​ (ក្រោយគ្នា១ម៉ោង) ស្ថិតនៅលើទីតាំងតែមួយ។ គ្រោះរញ្ជួយដីពីរដងផ្ទួនៗគ្នានេះ កើតឡើងនៅចម្ងាយ១១គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Kumamoto នៃភាគខាងត្បូងប្រទេសជប៉ុន៕