(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ១៨៨,១៦០ដូស នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា វ៉ាក់សាំងនេះ គឺជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។

មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់ បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា រកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។ ក្នុងនោះជាង ៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន៕