(ពោធិ៍សាត់)៖ ជារៀងរាល់ឆ្នាំ​ ក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល​តែងតែនាំគ្នា​ ទៅវត្តអារាមដើម្បីធ្វើបុណ្យឧទ្ទិសកុសល្យជូនបុព្វការីជន​ លេងល្បែងប្រជាប្រិយ​ និងទៅកំសាន្តតាមទីរមណីយដ្ឋានធម្មជាតិ​នានា​ ដូចជាទឹកជ្រោះច្រកល្អៀង​ ជិះទូកកំសាន្តលើផ្ទៃបឹងទន្លេសាបជាដើម។ ដោយឡែក នាពេលរាត្រីប្រជាពលរដ្ឋតែងមកជួបជុំគ្នាកំសាន្តមើលសិល្បៈ​ និងរាំចង្វាក់ប្រពៃណីនៅលើកោះសំពៅមាស។

ជាការកត់សម្គាល់នៅក្នុងឆ្នាំនេះ​ ក្រោមការដឹកនាំរបស់លោក​ ម៉ៅ​ ធនិន​ អភិបាលខេត្តពោធិ៍សាត់​ បានរៀបចំស្ថាបនាសួនច្បារថ្មីស្រឡាង នៅតាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់​ តុបតែងលម្អភ្លើងពណ៌តាមបណ្តោយផ្លូវ​ និងនៅលើបុរីកោះសំពៅមាស​ ថែមទាំងបានរៀបចំការសម្តែងសិល្បៈនានា​ ធ្វើអោយប្រជាពលរដ្ឋជាង១មឺុននាក់​ ក្នុងមួយថ្ងៃៗ​ ចាប់ពីថ្ងៃចូលឆ្នាំដំបូងរហូតដល់ថ្ងៃទី១៥នេះ​ បាននាំគ្នាសម្រុកមកលេងកំសាន្ត​ កើតឡើងទ្វេរដងពីឆ្នាំកន្លងទៅ។

ប្រជាពលរដ្ឋទូទាំងប្រទេសបានកំសាន្តសប្បាយបែបនេះ​ គឺដោយសារក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ បាននាំមកនូវសុខសន្តិភាព​ និងឯកភាពជាតិទូទាំងផ្ទៃប្រទេស។

ជាមួយគ្នានេះដែរ​ លោកអភិបាលខេត្ត​ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានអំពាវនាវអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នក្នុងការអុជធូបទៀនជៀសវាង កុំអោយមានគ្រោះអគ្គីភ័យ​ និងត្រូវគោរពច្បាប់ចរាចរណ៍ អោយបានមឺុងម៉ាត់ កុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ លោកអភិបាលខេត្ត​ ក៍បានដាក់បទបញ្ជាអោយ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ​ត្រូវការពារសន្តិសុខ​ សុវត្ថិភាព​ជូនប្រជាពលរដ្ឋ កុំអោយមានបទល្មើសកើតឡើង៕