(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិក្ខាកាម ចំនួន១៥៨នាក់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ស្តីពី «ការបែងចែកមរតក នៅក្នុងសាសនាឥស្លាម» នៅសាលារៀនអាន់នៀកម៉ះ ស្ថិតក្នុងភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា ការមានចំណេះដឹងពីរបៀបបែងចែកមរតក គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថានៅក្នុងសាសនាឥស្លាម បន្ទាប់ពីមានសមាជិកគ្រួសារណាម្នាក់ស្លាប់ គឺដាច់ខាត ត្រូវធ្វើការបែងចែកមរតកដល់សាច់ញាតិដែលនៅរស់ឲ្យបានដាច់ស្រេច ទៅតាមក្បួនច្បាប់សាសនា ចៀសវាងមានបញ្ហារកាំរកូសនៅថ្ងៃក្រោយ។

លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ក្រោយពីបានទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះហើយ ត្រូវធ្វើការបង្រៀនទៅអ្នកផ្សេងបន្តបន្ទាប់ទៀត។ នេះគឺជាប្រការល្អមួយ ហើយក៏ជាបុណ្យកុសលមួយសម្រាប់អ្នកដែលបានផ្តល់ចំណេះដឹងដល់អ្នកផ្សេង ដូចដែលមានចែងនៅក្នុងសាសនាឥស្លាមថា បន្ទាប់បុគ្គលម្នាក់ស្លាប់ទៅ អ្វីៗទាំងអស់ត្រូវបានកាត់ផ្តាច់ លើកលែងតែបីប្រការប៉ុណ្ណោះដែលនឹងជួយគេនៅថ្ងៃបរលោកបាន ដែលក្នុងនោះ គឺការផ្តល់ចំណេះដឹងល្អៗដល់អ្នកដទៃនេះឯង។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ប្រាប់អង្គពិធីទាំងមូលថា «យើងទាំងអស់គ្នាត្រូវតែសម្តែងនូវការថ្លែងអំណរគុណ ដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបញ្ចូលគ្រូខ្មែរឥស្លាមចំនួន១,៥០០នាក់ ទៅក្នុងក្របខ័ណ្ឌក្រសួងអប់រំយុវជន និងកីឡា បើសរុបប្រាក់បៀវត្សរ៍ដែលគ្រូខ្មែរឥស្លាមទាំងអស់ទទួលបាន គឺមានរហូតដល់ជិត ៦លានដុល្លារឯណោះក្នុងមួយឆ្នាំ»

លោកបន្ថែមថា នេះគឺមិនមែនកើតឡើងដោយឯកឯងទេ គឺដោយសារសម្តេចតេជោ លោកបានមើលឃើញពីការលំបាករបស់សហគមន៍ខ្មែរឥស្លាម ដែលតែងតែរៃអង្គាសគ្នាដើម្បីឧបត្ថម្ភដល់គ្រូបង្រៀន និងដោយសារខ្មែរឥស្លាមបានធ្វើការគាំទ្ររាជរដ្ឋាភិបាលយ៉ាងផុសផុល ទើបសម្តេចសម្រេចផ្តល់ជូននូវកាដូនេះ ព្រមទាំងបានការផ្តល់ជូន និងការសម្រួលដល់សហគមន៍ខ្មែរឥស្លាមជាច្រើនផ្សេងទៀត។ ដូច្នេះត្រូវតែអរគុណ និងតបស្នងសងគុណវិញតាមរយៈការបន្តគាំទ្រចំពោះរាជរដ្ឋាភិបាលជារៀងរហូត។

នៅក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភថវិកា ចំនួន២លានរៀល សម្រាប់ចូលរួមរៀបចំវគ្គបណ្តុះបណ្តាលនេះ៕