(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ថា «តែងតាំង និងផ្តល់ឋានៈឯកឧត្តម ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន»

ការចេញព្រះរាជក្រឹត្យនេះ បន្ទាប់ពីនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ ត្រូវបានសម្តេចតេជោ ទូលថ្វាយព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាផ្ទាល់របស់សម្តេចមានឋានៈស្មើ ទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

គួររំលឹកថា នៅឆ្នាំ២០១៨ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ត្រូវបានសម្តេចតេជោ ទូលថ្វាយព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេច មានឋានៈស្មើរដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងបានផ្តល់នូវព្រះរាជក្រឹត្យផ្តល់ឋានៈជាសាស្ត្រាចារ្យក្នុងវិស័យការពារជាតិ។

សមត្ថភាព និងបទពិសោធន៍ការងារជាង៤០ឆ្នាំរបស់នាយឧត្តមសេនីយ៍ លើការងារប្រយុទ្ធក្នុងសង្គ្រាមទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ចាប់ពីឆ្នាំ១៩៧៨ ការចូលរួមអនុវត្តនយោបាយឈ្នះ!ឈ្នះ! របស់សម្តេចតេជោ នាំមកនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា ជាពិសេសសង្គ្រាមការពារជាតិ ដែលយើងខ្ញុំទាំងអស់គ្នាសូមចងចាំក្នុងក្រអៅបេះដូងជារៀងរហូតថា នាយឧត្តមសេនីយ៍ ជាមេបញ្ជាការដ៏ឆ្នើមដែលបានដឹកនាំកងទ័ពតាមបន្ទាត់ព្រំដែន អនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំបញ្ជាប្រយុទ្ធការពារទឹកដីនៃមាតុភូមិ ក្នុងសមរភូមិប្រយុទ្ធការពារប្រាសាទព្រះវិហារ ប្រាសាទតាមាន់-តាក្របី ចាប់តាំងពីព្រឹត្តការណ៍ឆ្នាំ២០០៨ មកដល់បច្ចុប្បន្នដោយជោគជ័យ ជូនជាតិនិងប្រជាជន។

៣ឆ្នាំ ក្នុងតួនាទីនាយឧត្តមសេនីយ៍ជាសាកលវិទ្យាធិការ បទពិសោធន៍ប្រយុទ្ធជាប្រវត្តិសាស្ត្រនេះ ជាចំណុចពិសេសបំផុត ជាពុទ្ធិដ៏មានសារៈសំខាន់ដែលនាយឧត្តមសេនីយ៍ បានផ្តល់ដល់យោធាចារ្យព្រមទាំងនិស្សិតនិងសិក្ខាកាម តាមរយៈបាឋកថា និងតាមគោលការណ៍សំខាន់២ដែលឯកឧត្តមបានដាក់ចេញគឺ៖

ទី១៖ ប្រែក្លាយសាកលវិទ្យាល័យការពារជាតិ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ
ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសអំពីទស្សនៈនយោបាយចំទិស ដល់និស្សិត និងសិក្ខាកាមក្លាយជាកម្លាំងពិតមួយ ដែលស្មោះត្រង់ដាច់ខាតជាមួយជាតិ និងប្រជាជនប្រឆាំងដាច់ខាតរាល់ចលនាផ្តួលរំលំរដ្ឋាភិបាល។ កត្តានេះហើយ រួមនឹងសិល្បៈ នៃការដឹកនាំដ៏មានបទពិសោធន៍របស់នាយឧត្តមសេនីយ៍ បានពូនផ្តុំនូវស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដឹកនាំធ្វើការងារកែទម្រង់លើគ្រប់វិស័យនៅសាកលវិទ្យាល័យការពារជាតិ៕