(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្ដីពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ក្រោមអធិបតីភាពលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៦ ខែវិច្ឆិកានេះ។

សេចក្ដីប្រកាសបានបញ្ជាក់ថា ក្រោមដំបូលនៃសន្តិភាព ដំណើរនៃការអភិវឌ្ឍរបស់កម្ពុជាបានបោះជំហានជាបន្តបន្ទាប់ និងមានការរីកចម្រើនប្រកបដោយមោទនភាព ព្រមទាំងទទួលបានការកោតសរសើរ និងការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ដំណើរនៃការរីកចម្រើនជាលំដាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងការដាក់ចេញនូវក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តជាតិនានា ដែលក្នុងនោះរួមមានទាំងការដាក់ឱ្យអនុវត្ត ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។ ក្នុងគោលបំណងផ្សព្វផ្សាយ ឆ្លុះបញ្ចាំង និងបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ នេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្ដីពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្ដីពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម រយៈពេលពេញមួយថ្ងៃ ដែលត្រូវបានរៀបចំជាលើកទី៥នេះ បានធ្វើការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលអនុវត្តក្របខណ្ឌគោលនយោបាយដោយក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន បាននិងកំពុងផ្តល់ការគាំពារដល់ប្រជាជន ជាមួយអភិក្រមវដ្តជីវិត (life circle)។

ជាក់ស្តែង ប្រជាជនក្រីក្រ និងងាយរងគ្រោះបាន និងកំពុងទទួលបាននូវការគាំពារសំខាន់ៗ ដូចជា ការគាំពារសុខភាពមាតា និងទារក, ការផ្តល់ការព្យាបាលប្រជាជនក្រីក្រដែលមានជំងឺ ឬថែទាំសុខភាពនៅពេលសម្រាលកូន ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីជម្រុញ និងបង្កើនអាហារូបត្ថម្ភ និងការឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម។

លើសពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើតបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល បេឡាជាតិសន្តិសុខសង្គម បេឡាជាតិអតីតយុទ្ធជន និងមូលនិធិជនពិការជាដើម ដើម្បីចូលរួមផ្តល់ការធានាសន្តិសុខប្រាក់ចំណូលសម្រាប់ប្រជាជន តាមមុខសញ្ញាពាក់ព័ន្ធនានា ដែលមានជាអាទិ៍ ការផ្តល់តាវកាលិកសោធន ការថែទាំសុខភាព ហានិភ័យការងារ និងការគាំពារជនមានពិការភាពផងដែរ។

អង្គសិក្ខាសាលាកបានកត់សម្គាល់អំពីការវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលកំពុងប្រព្រិត្តទៅក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយទទួលបានការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន និងរង់ចាំលទ្ធផលនៃការវាយតម្លៃសមត្ថកម្មនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនេះ នាពេលបន្ទាប់។

ជារួម អង្គសិក្ខាសាលាបានផ្តល់ឱកាសឱ្យមានការបញ្ចេញមតិយោបល់ និងដោះស្រាយចម្ងល់ផ្សេងៗ ដែលពាក់ព័ន្ធនឹងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តនាពេលកន្លងមក ដែលចូលរួមក្នុងកិច្ចខិតខំបន្ស៊ី ប្រមូលផ្តុំ ពង្រឹង និងពង្រីករបបសន្តិសុខសង្គម និងកម្មវិធីជំនួយសង្គម ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ធានាបាននូវក្របខណ្ឌអភិបាលកិច្ចល្អ និងបង្កើនប្រសិទ្ធភាពចំណាយថវិកាជាតិ៕