(សៀមរាប)៖ ផ្ទះមនុស្សធម៌ទី៧៨ ដែលជាអំណោយរបស់លោក ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហោ សាយ័ន្ត សមាជិការសាខា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់គ្រួសារលោកស្រី សារ សួន ជាស្ត្រីមេម៉ាយមានកូនច្រើនក្នុងបន្ទុក រស់នៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ធ្វើឡើងក្រោមវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី រួមទាំងអស់លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការអនុសាខា និងអាជ្ញាធរមូលដ្ឋានផង នាព្រឹកថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២១។ ផ្ទះមនុស្សធម៌នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន ២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ម៉ែត្រ។

មានប្រសាសន៍ជាមួយស្រ្ដីមេម៉ាយ ដែលទទួលបានផ្ទះមនុស្សធម៌ និងលោកតា លោកយាយ អ៊ុពូមីង ក្នុងឱកាសនេះលោកស្រី ទាង អេង ទៀសីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»

អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន មុង២ ភួយ២ សារុង២ ក្រមា២ កន្ទេល២ អង្ករ៦០គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អាវយឺត២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។ ជាមួយគ្នានេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។

ក្នុងឱកាសនេះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន ៤០នាក់ ម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី៦ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី ៧៨ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕