(កំពង់ធំ)៖ លោកស្រី មាន សំអាន សមាជិកព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានគណៈចលនាស្ត្រីកម្ពុជា ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួបសំណេះ សំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ និងជំរុញឲ្យធ្វើជាគ្រាប់ ពូជល្អក្នុងសង្គមជាតិ នៅភោជនីដ្ឋានឡូវគឹមសេង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ឃួន ឃុនឌី លោកស្រី មុំ សណ្តាប់ លោកស្រី លំ គន្ធារី សមាជិករដ្ឋសភា រាជរដ្ឋាភិបាល អ្នកគ្រូសិស្សស្រីវិទ្យាល័យកំពង់ធំជាង៣០០នាក់ និងរៀបចំដោយសមាជិកព្រឹទ្ធសភា។

ជាមួយគ្នានេះលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ក៏បានលើកឡើងថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយចំណេះ ដឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់ក្មួយៗ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា ក្រោយពីបញ្ចប់ការសិក្សា ដើម្បីឈានឆ្ពោះទៅអនាគត និងភាពជាអ្នកដឹកបន្តវេន និងជំរុញលើកទឹកចិត្តក្មេងស្រីឲ្យចូលរួមកាន់តែច្រើន ក្នុងឆាកនយោបាយសម្រាប់ជាទំពាំងស្នងប្ញស្សី និងក្លាយជាគ្រាប់ពូជដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត ។

លោកស្រី មាន សំអាន បានណែនាំឲ្យអាជ្ញាធរជួយលើកកម្ពស់ស្ត្រីចូលរួម ក្នុងនយោបាយឲ្យបានច្រើនហើយ អាជ្ញាធរត្រូវជួយធ្វើការដោះស្រាយបញ្ហារបស់ស្ត្រីអំពីភាពក្រីក្រ អំពីការអប់រំសុខភាព អំពើហឹង្សានារីក្នុងរចនាសម្ព័ន្ធ នយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តីសម្រេចចិត្ត យន្តការលើកកម្ពស់ការរីកចំរើនរបស់នារី សិទ្ធិ របស់នារី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងបានអញ្ជើញតំណាងនារីចូលរួមរាល់កម្មវិធីនានា ក្នុងន័យឲ្យស្រ្តីមានតួនាទីស្មើគ្នា និងអនុញ្ញាតិឲ្យនារីដោះស្រាយកិច្ចការផ្សេងៗ តាមមូលដ្ឋានបានប្រាស្រ័យជាមួយប្រជាពលរដ្ឋគ្រប់រូបភាព។

លោកស្រីបន្តថា ស្រ្តីគ្រប់រូបត្រូវចេះរៀនសូត្រពីគ្នាទៅវិញទៅមក ដោយមានការតស៊ូព្យាយាម សាមគ្កីភាពគ្នាល្អ ទំណាក់ទំនងល្អ ចេះសហការគ្នា មានភាពម្ចាស់ការ ហ្មត់ចត់ ស្វាហាប់ ភាពស្មោះត្រង់ និងមានសេចក្តីក្លាហាន ។

លោកស្រី មាន សំអាន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ មាតាបិតា អាណាព្យាបាល បានបំពេញជាកាត្វកិច្ចអប់រំណែនាំកូនៗរបស់ខ្លួនដើម្បីក្លាយខ្លួនជាបុគ្គលដែលជាគ្រាប់ពូជល្អត្រូវខិតខំស្រាវជ្រាវនូវមេរៀនដែលបានសិក្សារៀនសូត្រកន្លងមក អប់រំណែនាំដល់កូនចៅពីផលប៉ៈពាល់បញ្ហាគ្រឿង ញៀន ព្រោះថាការប្រើប្រាស់គ្រឿងញៀនធ្វើឲ្យយើងខូចអនាគត មិនត្រូវចាញ់បោកពួកក្រុមជួញដូរគ្រឿងញៀន ត្រូវកសាងខ្លួនឲ្យបានល្អដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕