(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងដូសទី៣ (ដូសជំរុញ) ត្រូវទទួលយកនូវការចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដំណើរការចាក់ជូនជាអចិន្ដ្រៃយ៍ដោយ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទីតាំងដែលដំណើរការចាក់ជូនប្រជាពលរដ្ឋជាអចិន្ដ្រៃយ៍ សម្រាប់អ្នកដែលមិនទាន់បានចាក់សោះ ឬចាក់មិនទាន់បានគ្រប់ចំនួន មានចំនួន៥ទីតាំង ក្នុងនោះ ទី១៖ នៅសាលាបច្ចេកទេសដុនបូស្កូ (ក្រុងព្រះសីហនុ), ទី២៖ វេទិកា ៧មករា (ក្រុងព្រះសីហនុ), ទី៣៖ មណ្ឌលសុខភាពស្ទឹងហាវ (ស្រុកស្ទឹងហាវ), ទី៤៖ មណ្ឌលសុខភាពវាលរេញ (ស្រុកព្រៃនប់) និងទី៥៖ មណ្ឌលសុខភាពតក្កវិទ (ស្រុកកំពង់សីលា)។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យមកទទួលយកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាក់ដោយក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទផងដែរ។ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា សម្រាប់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យកងទ័ព ហើយមិនទាន់បានប័ណ្ណចាក់វ៉ាក់សាំងនេះ សូមទៅទទួលយកប័ណ្ណនេះ នៅសាលាឃុំ សង្កាត់ ដែលខ្លួនទៅចាក់វ៉ាក់សាំងនាពេលកន្លងទៅ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖