(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងជនចាស់ជរា ចំនួន៧១គ្រួសារ មកពីសង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នាឱកាសនោះដែរលោក ធឹម សំអាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសេម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ព្រមទាំងពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ជូនប្រជាពលរដ្ឋផងដែរ។

លោក ធឹម សំអាន បានគូសបញ្ជាក់ទៀតថា «ស្បៀងសម្តេចតេជោ មិនខ្វះទេ បើបងប្អូនណាខ្វះខាត សូមទាក់ទងមកអាជ្ញាធរភូមិសង្កាត់ ឬមកសាលាខណ្ឌ នោះបងប្អូនប្រជាពលរដ្ឋ និងបានអង្ករ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ឬអង្ករកាកបាទក្រហមកម្ពុជា យកទៅទទួលទានភ្លាម»។

លោក ធឹម សំអាន បានបន្ថែមថា សូមប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ បានល្អប្រសើរឡើង ព្រោះប្រទេសកម្ពុជាយើង បានបើកគ្រប់វិស័យឡើងវិញហើយ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា បើទោះជាប្រជាពលរដ្ឋាទាំងអស់ បានចាក់វ៉ាក់សាំងដូសទី៣ ហើយក៏ដោយ ក៏សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។

នាឱកាសនោះដែរ លោក ធឹម សំអាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យមើលឈ្មោះបោះឆ្នោត ហើយអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ដើម្បីអោយយើងមានសិទ្ធិ ពេញលេញ ជាពលរដ្ឋមួយរូប ដែលអាចមានសិទ្ឋិជ្រើសតាំងចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក៏ដូចជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២២ ក៏ដូចនៅឆ្នាំ២០២៣ ថាតើអ្នកណាដែលបានរគិតគូរដល់បងប្អូនប្រជាពលរដ្ឋ អ្នកណាដែលជួយបងប្អូននៅគ្រាលំបាកៗ អ្នកណាដែលរត់ចោលបងប្អូនប្រជាពលរដ្ឋ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា អំណោយរួមមាន៖ អង្ករចំនួន ២៥គីឡូ, មីចំនួន០១កេស, ម៉ាស់ចំនួន១០, ត្រីខ ចំនួន០៤កំប៉ុង, ទឹកសុីអុីវចំនួន០៤ដប, ស្ករស កន្លះគីឡូ, ជែល ០១ដប និងថ្នាំពេទ្យ ០១កញ្ចប់៕