(សៀមរាប)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកសម្ភារៈសិក្សាចំនួន ៨០០ ឈុត ដែលរួមមាន កាតាប សៀវភៅសរសេរ និងប៊ិច ថែមទាំងទឹកបរិសុទ្ធ កម្ពុជាចំនួន ១៥០កេស ដល់សាលាបឋមសិក្សាចំនួន៣ ក្នុងខេត្ដសៀមរាប រួមមាន សាលាបឋមសិក្សាជ័យ សាលាបឯមសិក្សារុនតាឯក និងសាលាបឋមសិក្សាតានី ដើម្បីផ្តល់ឲ្យក្មេងៗដែលរៀននៅសាលាដាច់ស្រយាល នូវសម្ភារៈសិក្សាសម្រាប់ប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «គោលតម្លៃសំខាន់មួយ របស់ ខ្មែរ ប៊ែវើរីជីស គឺបន្តអភិវឌ្ឍ និងផ្តល់ត្រលប់ទៅកាន់សង្គមវិញ។ នេះមានន័យថាយើងតែងចូលរួមអភិវឌ្ឍប្រទេស ដោយកសាងធនធានមនុស្សតាមរយៈរូបភាពផ្សេងៗ ដូចជាបេសកកម្មឧបត្ថម្ភសម្ភារៈសិក្សាដល់ក្មេងតូចៗនៅក្នុងថ្ងៃនេះ»

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងដែរថា៖ «កុមារគឺជាអនាគត ហើយកាលដែលយើងយកចិត្តទុកដាក់ទៅលើកុមារ ប្រៀបបានដូចជាយើងយកចិត្តទុកដាក់ទៅលើប្រទេសយើង។ ការអប់រំគឺជាដើមទុកសំខាន់សម្រាប់កុមារ ដូចនេះហើយចំណេះវិជ្ជាគឺប្រៀបបានដូចជាស្ពានចំលងកុមារពីត្រោយម្ខាងទៅត្រោយម្ខាងទៀត។ ការឧបត្ថម្ភសម្ភារៈសិក្សានេះជាកាយវិការមនុស្សធម៌មួយ ដែលបញ្ជាក់ថាក្រុមហ៊ុនបានយកចិត្តទុកដាក់បំផុតសម្រាប់អនាគតប្រទេស»

គួរបញ្ជាក់ថា សាលាបឋមសិក្សាទាំង ៣ មានទីតាំង៖

* សាលាបឋមសិក្សាជ័យ មានទីតាំងក្នុងភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
* សាលាបឯមសិក្សារុនតាឯក មានទីតាំងក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
* សាលាបឋមសិក្សាតានី មានទីតាំងក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕