(ភ្នំពេញ)៖​ ជនរងគ្រោះម្នាក់បានស្លាប់ បន្ទាប់ពីសាច់ញាតិបញ្ជួនមកសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ​ ក្រោយពីមានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពវាយប្លន់ បណ្តាលឲរងរបួសក្បាលធ្ងន់ធ្ងរ​ នៅយប់ថ្ងៃទី១៣ ​នែមេសាឆ្នាំ​ ២០១៦​ នេះ​ ដែលស្ថិតនៅចំនុចភូមិទំនប់​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។

បើតាមមន្ត្រីអាវុធមួយរូបសុំមិន បញ្ចេញឈ្មោះបានប្រាប់ថា​ មុនកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីដើរលេង​ លុះមកដល់មុខផ្ទះបានឈប់ម៉ូតូចាក់សោទ្វារ ដើម្បីចូលផ្ទះតែមិនទាន់បានចាក់សោចូលផង ក៏ត្រូវបានជនសង្ស័យមកពីក្រោយ វាយក្បាលជនរងគ្រោះ ប្លន់យកកាបូបលុយ​ របស់ជនរងគ្រោះទៅបាត់ បន្សល់ទុកជនរងគ្រោះ ដែលរងរបួសឲ្យដេកដួល ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម​។

បន្ទាប់មកជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ​តែជាអកុសលជនរងគ្រោះ ​រងរបួសក្បាលធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់ ចោលក្រុមគ្រួសារ​ ទាំងក្តីអាល័យជាពន់ពេក​។

ជាមួយគ្នានេះ នៅម៉ោង​ប្រមាណជា​ ១៖៥០នាទីយប់ ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ​២០១៦​ ថ្មីៗនេះ​ នៅក្នុងប្លុកបឹងឈូក ក៏មានករណីជនសង្ស័យ២នាក់បងប្អូន បានបាញ់ប្រហារទៅលើយុវជនម្នាក់ ជាច្រើនគ្រាប់​ បណ្តាលឲ្យរងរបួសធ្លាយពីខ្នងទៅពោះធ្ងន់ធ្ងរផងដែរ​ ហើយការបាញ់ប្រហារនេះ ស្ថិតនៅមុខផ្ទះបើកហ្គេមបាញ់ត្រី ក្នុងប្លុកបឹងឈូក​​៕