(បន្ទាយមានជ័យ)៖ អង្គការមូលនិធិបង្ការរបួសអាស៊ី ដោយមានការគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់អំណោយមួកសុវត្ថិភាព ចំនួន៨៨៩ ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអូរអំបិល នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃកម្មវិធី «មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ» នាឆ្នាំនេះ។

ចាប់តាំងពីការបើកដំណើរការគ្រឹះស្ថានអប់រំគ្រប់កម្រិតទូទាំងប្រទេសឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកាកន្លងទៅ ដោយការអនុវត្តវិធានការសុខាភិបាលប្រឆាំងនឹងជំងឺកូវីដ-១៩ កម្មវិធីនេះ បានប្រព្រឹត្តទៅស្របគ្នាយ៉ាងល្អឥតខ្ចោះ ដោយសិស្សានុសិស្សទទួលបាននូវការការពារមិនត្រឹមតែ នៅក្នុងសាលារៀនប៉ុណ្ណោះទេ ហើយថែមទាំងនៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនជាមួយមួកសុវត្ថិភាពប្រកបដោយគុណភាព ព្រមទាំងការអប់រំទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ តាមរយៈកម្មវិធីនេះទៀតផង។

យោងតាមអង្គការមូលនិធិបង្ការរបួសអាស៊ី បានឲ្យដឹងថា ទោះបីជាមានការដាក់ឲ្យអនុវត្ត ច្បាប់ដែលកំណត់ពីការពាក់មួកសុវត្ថិភាពជាទូទៅ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ ក៏ដោយក៏ការអង្កេតលើសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរអំបិលបង្ហាញថា មិនមានសិស្សណាម្នាក់ពាក់មួកសុវត្ថិភាពឡើយ។ ប្រមាណ៧០ភាគរយ នៃសិស្សានុសិស្សនៅសាលាបឋមសិក្សាអូរអំបិល ធ្វើដំណើរទៅសាលាដោយជិះម៉ូតូ ឬកង់។ លើសពីនេះទៀត សិស្សានុសិស្សមួយចំនួនធំ នៅសាលាបឋមសិក្សាអូរអំបិលមកពីគ្រួសារដែលមានចំណូលទាប ដែលធ្វើឲ្យមាតាបិតាមានការលំបាកក្នុងការទិញមួកសុវត្ថិភាពសម្រាប់កូនៗ របស់ពួកគាត់ប្រើប្រាស់។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា សាលាបឋមសិក្សាអូរអំបិល មានទីតាំងនៅតំបន់មានហានិភ័យខ្ពស់មួយ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥។ ដង់ស៊ីតេនៃចរាចរណ៍ ជាពិសេសអំឡុងពេលធ្វើដំណើរទៅមកសាលារៀន ធ្វើឲ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលរបស់សិស្សងាយប្រឈមគ្រោះថ្នាក់ចរាចរណ៍យ៉ាងខ្លាំង។ ជាក់ស្ដែងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ បានបង្ហាញថា មានសិស្សានុសិស្ស១៥នាក់ និងអាណាព្យាបាលរបស់ពួកគេ ចំនួន៥នាក់ បានទទួលរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្បែរសាលារៀននេះ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងអំណរគុណចំពោះ អង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលបានផ្តល់ការគាំទ្រកម្មវិធី «មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ» ចាប់តាំងពីឆ្នាំ២០១២មក។ ឆ្នាំនេះ បានជ្រើសរើស សាលាបឋមសិក្សាអូរអំបិល នៅក្នុងខេត្តបន្ទាយមានជ័យ ដោយសារតែសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ធ្វើដំណើរមកសាលារៀន តាមទោចក្រយានយន្តមានកម្រិតខ្ពស់ ប៉ុន្តែមិនទាន់បានប្រើប្រាស់មួកសុវត្ថិភាព ដែលធ្វើឲ្យការពាក់មួកសុវត្ថិភាពក្លាយជារឿងដែលចាំបាច់សម្រាប់ការពារអាយុជីវិត។

លោកស្រីបានបន្ថែមថា ការផ្តល់មួកសុវត្ថិភាព គឺមានភ្ជាប់ជាមួយការផ្សព្វផ្សាយអប់រំអំពីការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍នៅក្នុងចំណោមលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សដោយផ្ទាល់ និងតាម online ដោយផ្អែកតាមស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩។ ទាំងនេះគឺជាគន្លឹះដ៏សំខាន់ ក្នុងការលើកទឹកចិត្តឲ្យមានសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ លោកស្រីបានអំពាវនាវឲ្យកុមារ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូទាំងអស់ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ពេលវេលាពេលធ្វើដំណើរនៅលើដងផ្លូវទោះទៅទីជិត ឬឆ្ងាយដើម្បីការពារការប៉ះទង្គិចក្បាលក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធី «មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ» គឺជាកម្មវិធីមួយដែលមានប្រសិទ្ធភាពក្នុងការបង្កើនការពាក់មួកសុវត្ថិភាព ដែលជាវិធីសាស្រ្តល្អបំផុតក្នុងការកាត់បន្ថយការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ កម្មវិធីនេះរួមបញ្ចូលនូវការបង្ការជាមួយនឹងសកម្មភាព ដោយផ្តល់នូវការអប់រំអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយឱកាសនៃការទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដោយលើកទឹកចិត្តឲ្យមានឥរិយាបថប្រកបដោយសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ផ្លូវជំនាន់ក្រោយៗទៀត។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានបញ្ជាក់ថា «យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីជួយសង្រ្គោះប្រជាជនកម្ពុជា និងលើកកម្ពស់សហគមន៍មានសុវត្ថិភាព។ ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថាការពាក់មួកសុវត្ថិភាពអាចជួយសង្គ្រោះជីវិត និងការពារអ្នកពីការរងរបួសក្បាលធ្ងន់ធ្ងរ»

ជាក់ស្តែង មួកសុវត្ថិភាពដែលមានគុណភាពមួយអាចកាត់បន្ថយបាននូវហានិភ័យ នៃការរងរបួសក្បាលធ្ងន់ធ្ងររហូតដល់ ៦៩ភាគរយ និងកាត់បន្ថយការស្លាប់បានរហូតដល់ ៤២ភាគរយ។ ចាប់តាំងពីឆ្នាំ២០១២មក សាលារៀនដែលបានចូលរួមក្នុងកម្មវិធី «មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ» បានឃើញការកើនឡើង នៃអត្រាពាក់មួកសុវត្ថិភាពរបស់កុមារ។

កាលពីឆ្នាំមុន សាលាបឋមសិក្សាអន្លង់វិលស្ថិតក្នុងខេត្តបាត់ដំបង មានការកើនឡើងនូវអត្រាពាក់មួកសុវត្ថិភាពពី១ភាគរយ រហូតដល់៩៣ភាគរយ បន្ទាប់ពីអនុវត្តកម្មវិធីនេះ ហើយសង្ឃឹមថានឹងទទួលបានសមិទ្ធផលបែបនេះ នៅសាលាបឋមសិក្សា អូរអំបិល នេះដូចគ្នា។ ស្របពេលដែលសាលារៀនទូទាំងប្រទេសបើកដំណើរការឡើងវិញ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានគាំទ្រដល់កម្មវិធីនេះ ហើយវាបានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងចក្ខុវិស័យរបស់យើងក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់គ្រួសារកម្ពុជា។

សូមជម្រាបថា កម្មវិធី «មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ» ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២មក បានផ្តល់មួកសុវត្ថិភាពដែលមានគុណភាពប្រមាណជិត ៨,០០០មួក ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ដែលមានតម្រូវការបំផុត។ កម្មវិធីក៏បានផ្តល់ការអប់រំ និងជំនាញស្តីពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស ចំនួន៦,១២៨នាក់ លោកគ្រូ អ្នកគ្រូចំនួន៣០១នាក់ និងអាណាព្យាបាលសិស្សចំនួន១០,៨៤៧នាក់ នៅទូទាំងប្រទេសកម្ពុជា។ កុមារច្រើនជាង១៧០នាក់ ត្រូវបានសង្គ្រោះពីការរងរបួសក្បាលធ្ងន់ធ្ងរតាមរយៈកម្មវិធីនេះ៕