(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា អនុម័តទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភា១០៦រូប និងមានរបៀបវារៈសរុប៧ ដែលត្រូវបោះឆ្នោត ពិភាក្សា និងអនុុម័ត ក្នុងនោះក៏មានការបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ និងសមាសភាពមួយចំនួនទៀតផងដែរ។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ៨.៥ពាន់លានដុល្លារត្រូវជា ២៧.៩៥%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឲ្យត្រូវបានចំនួន ២៥.៦ទ្រីលានរៀល ស្មើនឹង៦.៣ពាន់លានដុល្លារ ត្រូវជា ២០.៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩.៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១៕