(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានរបស់ប្រតិបត្តិករទាំអស់ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងសូមបន្តសកម្មភាពនេះ ជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីរួមគ្នាលើកម្ពស់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព នៅកម្ពុជា។

ការលើកទឹកចិត្តបបែបនេះ របស់លោក សាយ សំអាល់ បានធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ នៅក្នុងពិធីប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ជូនដល់អ្នកប្រតិបត្តិមេត្រីបរិស្ថានជាច្រើនរូបដែលក្នុងនេះមានទាំង សាលារៀន អង្គការ ក្រុមហ៊ុន អ្នកចម្រៀង ជាដើមដែលបានប្រតិបត្តិមេត្រីបរិស្ថានលេចធ្លោនិងគំរូនាកន្លងមក។

លោក សាយ សំអាល់ ក៏បានលើកឡើងនូវចំណុចគន្លឹះថា ក្រសួងបរិស្ថានមានបេសកកម្មជាច្រើនក្នុងវិស័យបរិស្ថាន ក្នុងនោះ ការលើកកម្ពស់ប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកិច្ចការមួយដ៏សំខាន់ ធ្វើយ៉ាងណាឱ្យកម្ពុជាមានបរិស្ថានស្អាត មានភាពបៃតង និងមានភាពស៊ីវិល័យ។ ការងារនេះអាចសម្រេចបាន ដ៏រាបណាមានការចូលរួមពីគ្រប់តួរអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប។ ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ប្រជាពលរដ្ឋ ចាប់ផ្តើមស្គាល់អំពីសក្ដានុពល និងសម្រស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេសទេសភាពបែបធម្មជាតិ។

លោករដ្ឋមន្រ្តីបានបន្ថែមថា នាកន្លងមកក្រសួងបរិស្ថាន បានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងកិច្ចការងារបរិស្ថាន ក្នុងនេះក្រៅពីការអនុវត្តក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តបរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានបញ្ជ្រាបចំណេះដឹងបរិស្ថាន សំដៅប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានផ្នត់គំនិតវិជ្ជមានចំពោះបរិស្ថានកាន់តែច្រើនឡើង។ក្នុងនេះដូចជា តាមរយៈការផ្សព្វផ្សាយ រូបភាព ការផលិតនូវវីដេអូឯកសារ និងបទចម្រៀងបរិស្ថាន ដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ ជីវចម្រុះ ទេសភាពស្រុកយើង តំបន់ទេសភាពកម្រ ពពួកសត្វស្លាប សត្វព្រៃកម្រ និងជិតផុតពូជបានធ្វើឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបនិងស្រឡាញ់ចូលចិត្តបរិស្ថានកាន់តែច្រើនឡើង។

លោក សាយ សំអាល់ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីសុខុមាលភាព សេចក្តីថ្លៃថ្នូរក្នុងការរស់នៅ ជាសង្គមស៊ីវិល័យ ចង់បានបរិស្ថានស្អាត ទើបបង្កលក្ខណៈឱ្យការបញ្ជ្រាបនូវចំណេះនៃកិច្ចគាំពារបរិស្ថាន ទទួលបានប្រសិទ្ធភាពខ្ពស់។

ពាក់ព័ន្ធកិច្ចការពារបរិស្ថាននេះដែរ រដ្ឋមន្រ្តីបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នបើទោះបីក្រសួងបរិស្ថានមាន មន្រ្តីឧទ្យានុរក្សត្រឹមតែ ១២០០នាក់ ទូទាំងប្រទេស ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ធ អង្គការដៃគូ ប្រជាសហគមន៍ធ្វើឱ្យយើងអាចការពារបាននូវព្រៃឈើ សត្វព្រៃ ហើយជាក់ស្តែងកម្ពុជាបានលក់ឥណទានកាបូនទៅកាន់ ទីផ្សារអន្តរជាតិ។ ក្រសួងបរិស្ថានបានចាត់ទុកថាការលក់ឥណទានកាបូននេះ ជាមោទកភាព មួយសម្រាប់កម្ពុជា ហើយនេះជាជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោកផងដែរ។

បើតាមលោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងអំណរគុណ និងសម្ដែងនូវការដឹងគុណ ដល់អ្នកគាំទ្រ អ្នកឧបត្ថម និងប្រតិបត្តិករមេត្រីភាពបរិស្ថានទាំងអស់ ក្នុងបុព្វហេតុលើកម្ពស់បរិស្ថាន និងធនធានធម្មជាតិ។ កម្មវិធីនេះ ជាការផ្ដល់នូវការអបអរសាទរ ផ្សព្វផ្សាយ និងបំផុសឱ្យមានការចូលរួមកាន់តែច្រើន ដើម្បីប្រែក្លាយកម្ពុជាពោរពេញដោយពលរដ្ឋល្អ និងបរិស្ថានល្អ។

គួរឲ្យដឹងថា ដើម្បីជំរុញការចូលរួមពីប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គល មកពីគ្រប់វិស័យ មិនថាវិស័យសាធារណៈ វិស័យឯកជន ឬគ្រឹះស្ថាននានា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព ក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ បានរៀបចំកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថានប្រចាំឆ្នាំ ដើម្បីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់ប្រតិបត្តិករដែលបានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ។

នៅឆ្នាំ២០២១នេះ ប្រតិបត្តិករមេត្រីភាពបរិស្ថានឆ្នើម សរុបចំនួន២៣០ ដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន មកពីចម្រុះវិស័យ រួមមានជាអាទិ៍ទី១)៖និតិបុគ្គល ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ផលិតកម្ម រម្មណីយដ្ឋាន ភោជនីដ្ឋាន ឬគ្រឹះស្ថានសាធារណៈផ្សេងៗជាដើម និងទី២៖ រូបវន្តបុគ្គលដូចជា អ្នកថតរូប សិល្បៈករ តន្រ្តីករ ផលិតករ ឬបុគ្គលសាធារណៈផ្សេងៗទៀត៕