(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលដើម្បីរំលឹកខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន បានប្រារព្ធឡើង ថ្ងៃទី២២ ខែវិច្ឆិកា ។ លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានរួមគ្នាប្រកាសជាផ្លូវការ អំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន-អាស៊ាន។ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល៣០ឆ្នាំ ទំនាក់ទំនងចិន-អាស៊ាន បានបង្កើតជាគំរូកិច្ចសហប្រតិបត្តិការពិសេសមួយ។ ស្របនឹងការលើកឡើងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ទំនាក់ទំនងរវាងចិន និងអាស៊ានបានឈានចូលសម័យកាលអភិវឌ្ឍដោយល្បឿនលឿន។ ចិននិងកម្ពុជាដែលជាមិត្តចាស់នឹងគ្នា ក៏កំពុងបញ្ចេញកម្លាំងរស់រវើកថ្មីនៅយុគសម័យថ្មី។

នាពេលថ្មីៗកន្លងទៅនេះ យោងតាមព័ត៌មានដែលបានចេញផ្សាយ នៅលើវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា» នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។ តាមដំណឹងនេះបានឱ្យដឹងថា ក្រោយពេលអនុវត្តកិច្ចព្រមព្រៀង សមាមាត្រនៃផលិតផលពន្ធគយសូន្យ ក្នុងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ បានឈានដល់ជាង ៩០ភាគរយ។

ថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ឬហៅស្ពានភ្ជាប់និស្ស័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សព្វថ្ងៃនេះទំនាក់ទំនងនយោបាយរវាងកម្ពុជា-ចិន កំពុងដំណើរការក្នុងកម្រិតខ្ពស់ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក មានភាពកាន់តែស៊ីជម្រៅ ហើយមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។ ស្ពាននេះជាសមិទ្ធផលមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្រោមក្របខ័ណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិនគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍផ្លូវថ្នល់ និងស្ពាននៅកម្ពុជា។

លោក Wang Wentian បានថ្លែងថា ប្រទេសចិនមានសុភាសិតមួយម៉ាត់ថា «ប្រសិនបើ ចង់ឆ្លងទន្លេ ត្រូវសង់ស្ពានជាមុនសិន»។ ស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់គ្រប់តំបន់ នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតភ្ជាប់យ៉ាងជិតស្និទ្ធ នូវដួងចិត្តរបស់ប្រជាជននៃប្រទេសចិន និងកម្ពុជាផងដែរ ហើយក្លាយជាស្ពានមិត្តភាពចិន និងកម្ពុជាយ៉ាងពិតប្រាកដ។

ស្របនឹងខណៈពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជានឹងភាពកាន់តែទូលំទូលាយ៕