(កំពង់ធំ)៖ ក្រោមការតាំងចិត្តយ៉ាងមុតមាំ លោក ងួន រតនៈ ក្នុងពេលត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំថ្មីនោះ បានឡើងប្ដេជ្ញាចិត្ត៧ចំណុចចំពោះកាកបាទក្រហមកម្ពុជា និងប្រជាជននៅខេត្តកំពង់ធំ។

ការប្ដេជ្ញាទាំង៧ចំណុចនោះ រួមមាន៖

១៖ លោកនឹងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

២៖ លោកនឹងខិតខំយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។

៣៖ លោកនឹងរក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

៤៖ លោកនឹងខិតខំដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា។

៥៖ លោកនឹងខិតខំយកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាព អប់រំសុខភាពសហគមន៍។

៦៖ លោកនឹងខិតខំយកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សាជាគំរូក្នុងការងារមនុស្សធម៌ គ្រឹះស្ថានសិក្សា និងសង្គម។

៧៖ លោកនឹងខិតខំបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ សា្ថប័ន អង្គភាព អង្គការជាតិ-អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ប្រមូលកម្លាំង ដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនងាយរងគ្រោះ។

គួរជម្រាបថា ការប្ដេជ្ញាចិត្តរបស់លោក ងួន រតនៈ ខាងលើនេះ ធ្វើឡើងក្នុងឱកាសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៥ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធការកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត សមាជិក-សមាជិកា នាយក-នាយរង និងមន្ត្រីប្រតិបត្តិសាខា ប្រធាន-អនុប្រធានគណៈកម្មាធិការ អនុសាខាក្រុង-ស្រុក ចូលរួមតាមរយៈប្រព័ន្ធ Video Zoom។

លោក ងួន រតនៈ ទទួលបានតំណែងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំនេះ គឺជំនួសលោក សុខ លូ ត្រូវបានទទួលភារកិច្ចថ្មីនៅខេត្តបាត់ដំបង។

ជាមួយគ្នានោះ លោកស្រី ពុំ ចន្ទីនី បានផ្ដាំផ្ញើដល់លោក ងួន រតនៈ ត្រូវបន្តការដឹកនាំការងារមនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរកសប្បុរសជន ពិនិត្យមើលសមាសភាពបុគ្គលិកសាខា ពង្រឹងសមាភាពក្នុងការបំពេញកាងារមនុស្សធម៌កាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ចំណុច នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព៕