(ភ្នំពេញ)៖ ពីទីក្រុងសៀមរាបអង្គរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យមិត្តភក្តិបរទេសយោគ យល់នូវការចាត់វិធានការទាំងឡាយ​ ទៅលើជនប៉ុនប៉ងបង្កចលាចលបំផ្លាញសន្តិភាព និងស្ថេរភាពក្នុងសង្គមកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ផលលំបាកកើតចេញពីអស្ថេរភាព មិនមែនជាជនបរទេសនោះទេ គឺជាប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្រោយពេលដែលសមត្ថកិច្ច បានចាប់ និងឃំុខ្លួន លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ឲ្យមានការរើសអើង។ ការចាប់ និងឃុំខ្លួននេះ បន្ទាប់ពីលោក អ៊ុំ សំអាន ព្យាយាមផ្សព្វផ្សាយ និងចោទប្រកាន់ផែនទីរបស់រាជរដ្ឋាភិបាល​ ប្រើសម្រាប់បោះបង្គោលព្រំដែន ជាមួយវៀតណាមថា ជាផែនទីក្លែងក្លាយ។

សម្តេចតេជោ បានហៅការព្យាយាមលើកឡើងម្តងហើយម្តងទៀតរបស់លោក អ៊ុំ​ សំអាន លើការប្រើផែនទី បើទោះមានការផ្ទៀងផ្ទាត់ជាមួយផែនទី របស់អង្គការសហប្រជាជាតិ និងបារាំងនេះថា ជាការព្យាយាមបង្កអស្ថេរភាព នាំគ្រោះមហន្តរាយធ្ងន់ធ្ងរនៅក្នុងសង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកកម្មវិធីអង្គរសង្រ្កាន្ត នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានថ្លែងទៅកាន់តំណាងស្ថានទូតនៅកម្ពុជា ដែលចូលរួមកម្មវិធីបើកអង្គរសង្រ្កាន្តថា «សង្ឃឹមមិត្តភក្តិបរទេសយោគយល់ដល់កម្ពុជា ព្រោះថាអ្នកវេទនា មិនមែនជាជនបរទេសនោះទេ តែអ្នកវេទនាគឺជាប្រជាជនកម្ពុជា ដែលទាមទារមិត្តភក្តិបរទេសមានមុខនៅទីនេះក្តី និងមិនមានមុខទីនេះក្តី យោគយល់ទៅដល់វិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានចាត់វិធានការ ដើម្បីទប់ស្កាត់នូវចលនាបង្កចលាចលនៅក្នុងសង្គម»

សម្តេចតេជោ បានរំលឹកថា សន្តិភាព ដែលកម្ពុជា កំពុងមាននាពេលបច្ចុប្បន្នរកមកបាន ដោយលំបាក ហើយសង្រ្គាមពីអតីតកាល បាននាំមកនូវវិនាសកម្ម និងការជូចត់យ៉ាងខ្លាំង។ សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជាមួយសម្តេច ដើម្បីថែរក្សា និងការពារនូវសន្តិភាពមួយនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តេជ្ញាមិនអត់ឱនឲ្យជន ដែលប៉ុនប៉ងបង្កការញុះញង់បង្កចលាចល នៅក្នុងសង្គមនោះឡើយ ទោះបី១នាក់ ពីរនាក់ ឬច្រើននាក់ ព្រោះវាបានបំផ្លាញក្តីសុខមនុស្សរាប់លាននាក់ ដូចក្នងទសវត្សរ៍ឆ្នាំ៧០ និងបន្តអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨៕