(ភ្នំពេញ)៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) បានរៀបចំឡើងតាមបែបរូបវ័ន្ត និងប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍អមសំខាន់មួយ នៃកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២១។

វេទិកានេះ បានធ្វើឡើងក្រោមកិច្ចសហការ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា,សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, មូលនិធិអាស៊ី-អឺរ៉ុប(ASEF), ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូសហការដទៃទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងនោះ មានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់នៃស្ថាប័នរដ្ឋ បណ្តាអង្គទូតនៃប្រទេសសមាជិកអេសិម (ASEM) អ្នកធ្វើគោលនយោបាយ ក្រុមធុរជន និងវិនិយោគិន បញ្ញវ័ន្ត អ្នកជំនាញការមកពីវិស័យសំខាន់ៗ និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប សរុបជាង៥០០នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វេទិកានេះ ធ្វើឡើងក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «វេទិកានេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ប្រជាជាតិយើងទាំងអស់»។

បើតាមលោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) នេះ បានធ្វើការពិភាក្សាគ្នា ចំនួន៣រួមមាន៖

កិច្ចពិភាក្សាទី១៖ ផ្តោតលើ «ភាពរឹងមាំនៃបដិវត្តឧស្សាហកម្ម៤.០ និងភាពប្រស៊ីគ្នានៃពាណិជ្ជកម្មអាស៊ី និងអឺរ៉ុប អំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ-១៩» ដើម្បី៖

* ធានាឲ្យបានបរិយាកាស និងមូលដ្ឋានគ្រឹះនៃកំណើនប្រកបដោយបរិយាប័ន្ន ជាពិសេសក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការប្រស៊ីគ្នា រវាងការធ្វើពាណិជ្ជកម្ម និងកម្រិតអភិវឌ្ឍរវាងអាស៊ី និងអឺរ៉ុបក្នុងបរិបទពាណិជ្ជកម្ម និងវិនិយោគសកល ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយប្រើប្រាស់អត្ថប្រយោជន៍នៃ បដិវត្តឧស្សាហកម្ម៤.០។
* បង្កើតស្ថាប័នជំនាញតាមកម្រិតនីមួយៗ ដើម្បីបញ្រ្ជៀបបដិវត្តឧស្សាហកម្ម៤.០ ប្រកបដោយប្រសិទ្ធភាពទៅក្នុងរបៀបវារៈពាណិជ្ជកម្ម និងវិនិយោគព្រមទាំងជួយ សម្រួលដល់ធុរកិច្ចថ្មីៗ រួមទាំងសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យមតាមរយៈការលើកទឹកចិត្តនិងកម្មវិធីផ្សេងៗ ដើម្បីទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីបដិវត្តឧស្សាហកម្ម៤.០ ក្នុងគន្លងប្រក្រតីភាពថ្មី។
* ប្តេជ្ញាចិត្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ត្រៀមលក្ខណៈរៀបចំកម្លាំងពលកម្ម និងរៀបចំរចនាសម្ព័ន្ធធុរកិច្ចឡើងវិញ ឲ្យល្អប្រសើរ ដើម្បីទទួលយកបច្ចេកវិទ្យា និងជំនាញថ្មីៗ ដែលត្រូវការចាំបាច់សម្រាប់បដិវត្តឧស្សាហកម្ម ៤.០
* ពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការអភិវឌ្ឍប្រកបដោយចីរភាព ធុរកិច្ចបៃតង និងបញ្ចូលលរបៀបវារៈអភិវឌ្ឍន៍បៃតង ទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីជំរុញឲ្យសេដ្ឋកិច្ចសកលប្រកបដោយចីរភាព និងភាពធន់ក្នុងរយៈពេលវែង។

កិច្ចពិភាក្សាទី២៖ ផ្តោតលើ «ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្ម ៤.0៖ ការរួមបញ្ចូលពហុភាគីនិយម និងឌីជីថលនីយកម្ម» ដើម្បី៖

* បន្តពង្រឹងយន្តការពហុភាគីនិយមតាមរយៈក្របខណ្ឌផ្សេងៗគ្នា រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅកម្រិតផ្សេងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច និងការអនុវត្តពាណិជ្ជកម្មសេរី ការវិនិយោគ និងភាពជាដៃគូរវាងប្រទេស និងតំបន់ដើម្បីកាត់បន្ថយ ការប៉ះពាល់ដែលកើតមានឡើង ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។
* ផ្តោតសំខាន់លើភាពជាដៃគូយ៉ាងសកម្ម និងប្រទាក់ក្រឡារវាងរដ្ឋនិងឯកជន ក្នុងការលើកកម្ពស់ និងពង្រឹងយន្តការសកល និងពហុភាគី ។
* ផ្តល់នូវការអនុគ្រោះចាំបាច់ និងការលើកទឹកចិត្តនានា ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម នៅក្នុងខ្សែច្រវាក់តម្លៃតំបន់និងសកល និងទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេស និងប្រទេស។

កិច្ចពិភាក្សាទី៣៖ ផ្តោតលើ «ការលើកកម្ពស់ខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល» ដើម្បីកាត់បន្ថយបញ្ហាប្រឈម ដែលជាផលប៉ះពាល់របស់ជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន» ដោយ៖

* លើកកម្ពស់ភាពជឿនលឿន នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈឌីជីថលនីយកម្ម និងការសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរចាំបាច់នានា ដើម្បីធានា នូវភាពជឿជាក់ នៃលំហូរពាណិជ្ជកម្មអន្តរជាតិ និងធានាឲ្យមានភាពធន់ ព្រមទាំងដំណោះស្រាយបញ្ហាប្រឈម ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ និងតម្រូវការពិភលោក។
* បង្កើតក្របខណ្ឌគាំទ្រចាំបាច់នានា ដើម្បីជំរុញគំរូថ្មីនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកលដែលកំពុងលេចធ្លោរួមមាន៖ ការប្រគល់ទទួល-ទំនិញពីចម្ងាយ ការបង្ខិតជិតគ្នានៃធុរកិច្ច ប្រតិបត្តិការអន្តរតំបន់ ការសម្របខ្លួនតាមបរិបទតំបន់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីជំរុញល្បឿនពាណិជ្ជកម្មសកលឡើងវិញ ខណៈពេលដែល ពិភពលោកបានងើបឡើងវិញពីវិបត្តិកូវីដ-១៩។
* ផ្តល់ការលើកទឹកចិត្ត និងជំនួយចាំបាច់នានា សម្រាប់សហគមន៍ធុរកិច្ច និងឧស្សាហកម្មក្នុងការបម្លែងខ្លួនទៅជាធុរកិច្ចបៃតង ដើម្បីទាញយកផលប្រយោជន៍ ពីទំនើបកម្មនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកលដោយប្រើបច្ចេកវិទ្យានាពេលអនាគត៕