(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រាប់មន្រ្តីជាន់ខខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថា៖ កម្ពុជាចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា-អាមេរិក ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។

ការបង្ហាញអំពីជំហរកម្ពុជា បានធ្វើឡើងក្នុងការសន្ទនាតាមទូរស័ព្ទរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសក្រសួងការបរទេសបញ្ជាក់ដូច្នេះថា៖ «ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ជំនួយដល់កម្ពុជាលើវិស័យនានា លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក»

កន្លងទៅសហរដ្ឋអាមេរិក តែងវាយប្រហារកម្ពុជាជាបន្តបន្ទាប់តាមវិស័យសារព័ត៌មាន និងវិស័យមួយចំនួនទៀត។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។

ក្នុងការសន្ទនាតាមទូរស័ព្ទដដែលនេះ «ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី និងលោកទីប្រឹក្សា Chollet ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនានា ដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ស្ថានភាពនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា ។ល៕