(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ ជាមួយធនាគាររដ្ឋវៀតណាម។ កិច្ចប្រជុំទ្វេភាគីនេះ រៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។

ក្នុងនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ នាពេលកន្លងមក ដែលបានរួមចំណែកអភិវឌ្ឍវិស័យធនាគារ។ កិច្ចសហប្រតិបត្តិការល្អរវាងវិស័យធនាគារ បានរួមចំណែកគាំទ្រកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ក្នុងប្រទេសទាំងពីរ។

កិច្ចប្រជុំទ្វេភាគីនេះ រៀបចំឡើងក្រោមវត្តមានលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។

កិច្ចប្រជុំទ្វេភាគីបានពិភាក្សាផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍវិស័យធនាគារ, វិធានការឆ្លើយតបរបស់ធនាគារកណ្តាល ចំពោះឥទ្ធិពលអវិជ្ជមាននៃជំងឺកូវីដ-១៩, ការជំរុញការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ និងការពិនិត្យមើលពីវឌ្ឍនភាព ជាមួយនឹងការកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានថ្លែងសរសើរពីជោគជ័យរបស់កម្ពុជា ក្នុងការសម្រេចបានការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស ដែលបានជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច។

លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញដោយមានប្រសិទ្ធភាព ក្នុងអំឡុងពេលកូវីដ-១៩ ដែលសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ និងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។

ធនាគាររដ្ឋវៀតណាម ក៏បានអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើប ជាពិសេស ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ជួយដោះស្រាយបញ្ហាទូទាត់ឆ្លងគ្រឹះស្ថាន និងការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ទាំងក្នុងស្រុកនិងតំបន់។

លោក ជា ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះធនាគាររដ្ឋវៀតណាម ជាពិសេសលោកកស្រីទេសាភិបាល Nguyen Thi Hong និងថ្នាក់ដឹកនាំ ធនាគាររដ្ឋវៀតណាម ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរ ក្រោមអនុស្សរណៈយោគយល់រវាងធនាគារកណ្តាលទាំងពីរ ទៅលើកិច្ចសហប្រតិបត្តិការទូទៅ, លើការត្រួតពិនិត្យធនាគារ និងលើការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

លោកទេសាភិបាល ក៏បានថ្លែងអំណរគុណដល់ធនាគាររដ្ឋ និងរដ្ឋាភិបាលវៀតណាមដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយបានបន្តផ្តល់អាហារូបករណ៍ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសវៀតណាម។

កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកប ដោយជោគជ័យ និងផ្លែផ្កា ក្រោមស្មារតីមិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការល្អ។
អង្គប្រជុំក៏បានកំណត់ទិសដៅការងារអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះរួមមាន៖

* ការចែករំលែកចំណេះដឹងលើការអភិវឌ្ឍប្រព័ន្ធទិន្នន័យសម្រាប់អត្រាប្តូរប្រាក់,
* ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ,
* ការពង្រឹងការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និងការអភិវឌ្ឍប្រព័ន្ធទូទាត់។

ធនាគាររដ្ឋវៀតណាម ក៏នឹងបន្តរួមចំណែកផ្តល់អាហារូបករណ៍ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសវៀតណាម៕