(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាន

អនុញ្ញាតឱ្យ លោកស្រី ម៉ារាម សឺមែន (Mariar I, Sherman) នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល ក្នុងឱកាសដែលលោកស្រីបានមក បំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ នាយិកាធនាគារពិភពលោក ប្រចាំប្រទេសទាំងបី និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ទាំងបច្ចេកទេស និងថវិការបស់ធនាគារពិភពលោក ជាពិសេសលើវិស័យសុខាភិបាល ចាប់តាំងពីឆ្នាំ១៩៩៧។

ជាកិច្ចឆ្លើយតប លោកស្រីនាយិកាធនាគារពិភពលោកប្រចាំប្រទេសទាំងបី បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែល បានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតជូនលោកស្រីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកស្រីនាយិកា បានបញ្ជាក់លោករដ្ឋមន្ត្រីថា ចាប់តាំងពីឆ្នាំ១៩៩៧មក ធនាគារពិភពលោកបានឧបត្ថម្ភ គាំទ្រដល់វិស័យសុខាភិបាល រួមមាន៖
*១៖ គម្រោងប្រយុទ្ធនឹងជំងឺឆ្លង និងការអភិវឌ្ឍន៍សុខាភិបាល មានរយៈពេល៥ឆ្នាំ (១៩៩៧-២០០២)
(Cambodia Disease Control and Health Development Project)។
*២៖ គម្រោងគាំទ្រវិស័យសុខាភិបាល (២០០៣-២០១១) (Health Sector Support Project)។
*៣៖ គម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី២ (២០០៨-២០១៦) (Second Health Sector Support Program)។
*៤៖ គម្រោងពង្រឹងគុណភាពនិងសមធម៌សុខាភិបាល (២០១៦-២០២២) (Health Equity and Quality Improvement Project (H-EQIP)។
*៥៖ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា (២០១៩-២០២៤) (Cambodia Nutrition Project)។
*៦៖ គម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ-១៩ (២០២០-២០២២) (COVID-I9 Emergency Response Project)។
*៧៖ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនសេវាសម្រាប់វិជ្ជាជីវៈសុខាភិបាល (២០២០-២០២៦) (Strengthening Pre
Service Education System for Health Professionals Project)។
*៨៖ ការរៀបចំគម្រោងពង្រឹងគុណភាពនិងសមធម៌សុខាភិបាល ដំណាក់កាលទី២ (២០២២-២០២៧) (Health Equity and Quality Improvement Project Phase 2 (H-EQIPT)។

បន្ថែមពីនេះទៀត លោកស្រីនាយិកា បានសម្តែងនូវការកោតសរសើរចំពោះវិស័យសុខាភិបាលកម្ពុជា ដែលបានធ្វើឱ្យប្រសើរ ឡើងនូវសុខភាពប្រជាជនកម្ពុជា ក៏ដូចជាការការពារ ទប់ស្កាត់ និងឆ្លើយតបជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសទាំងអស់ដែលរស់នៅប្រទេសកម្ពុជា បានលើស៨៨% នៃចំនួនប្រជាជនសរុប១៦លាននាក់។

លោកស្រីក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានសហការ និងគាំទ្រធនាគារពិភពលោក ព្រមទាំងបានស្នើសុំការគាំទ្រពី លោករដ្ឋមន្ដ្រី ទៅលើការរៀបចំគម្រោងពង្រឹងគុណភាពនិង សមធម៌សុខាភិបាល ដំណាក់កាលទី២។

លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះធនាគារពិភពលោក ដែលបាន សហការយ៉ាងល្អជាមួយក្រសួងសុខាភិបាល និងស្នើសុំបន្តគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា។ ចំពោះការរៀបចំ គម្រោងពង្រឹងគុណភាព និងសមធម៌សុខាភិបាល លោករដ្ឋមន្ត្រី បានស្នើសុំឱ្យធនាគារពិភពលោកពិភាក្សាលម្អិត ជាមួយក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងជាពិសេសពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕