(ភ្នំពេញ)៖ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាយឧត្តមសេនីយ៍លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អមតំណើរដោយ ឧត្តមសេនីយ៍ឯកលោក ស្រី ឌឹក មេបញ្ចាការកងពលធំអន្តរាគមន៍លេខ៣ បានចុះសាកសួរសុខទុក្ខគ្រួរសារកងទ័ពជួបការលំបាក ដែលកំពង់រស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបានកំពង់បំពេញភារកិច្ចការពារបូរណភាពទឹក តាមខ្សែបណ្តោយជួរមុខ​ ក្នុងភូមិសាស្ត្រកងពលធំលេខ៣ ទទួលខុសត្រូវ។

ក្នុងឪកាសចុះសួរសុខទុក្ខនោះ លោក ម៉ឹង សំផន បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន ប្រគល់ជូនគ្រួសារកងទ័ពជួបការលំបាករួមមាន៖ ជួយជីកអណ្តូង១កន្លែង សំរាប់ប្រើប្រាស់ ប្រគល់ជ្រូក៥ក្បាល មាន់១០ក្បាល។ ជួយដាំដើមឈើហូបផ្លែគ្រប់ប្រភេទ ក្នុង១មុខចំនួន១០ដើម ដូចជា ស្វាយ ចេក និងបានប្រគល់អង្ករចំនួន៥បាវ ថវិការចំនួន១លានរៀល រួមនិងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត។ លោក ម៉ឹង សំផន ក៏បានប្រគល់ថវិការចំនួន២លានរៀលជូនដល់ កងទ័ពដែលបានចូលរួមធ្វើពលកម្ម​ ដាំដំណាំនាពេលនោះផងដែល។

ឆ្លៀតក្នុងឪកាសនោះ លោក ម៉ឹង សំផន ក៏បានណែនាំដល់គ្រួសារយោធិនយើង អោយយកចិត្តទុកដាក់លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ទទឹមនេះត្រូវរស់នៅអោយមានអនាម័យល្អផងដែល។ លោក ម៉ឹង សំផន បានជូនពរឆ្នាំថ្មី ដល់គ្រួសារកងទ័ពទាំងអស់ ក្នុងឆ្នាំថ្មីសូមអោយមានសុភមង្គលក្នុងគ្រួសារ និងមានសេចក្តីសុខ សេចក្តីចំរើនតរៀងទៅ៕