(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍ចោទកិច្ចប្រជុំរដ្ឋសភា ពាក់ព័ន្ធនឹងករណីចាប់ខ្លួន លោក អ៊ុំ សំអាន ថារំលោភរដ្ឋធម្មនុញ្ញ ប៉ុន្តែមន្រ្តីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ដែលជាប្រធានគណៈកម្មការឃោសនា នៃរដ្ឋសភា បានលើកឡើងថា រដ្ឋសភា បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ ហើយចាត់ទុកថា គណបក្សសង្រ្គោះជាតិខ្លួនឯងទៅវិញទេ ដែលមិនបានជួយដល់លោក អ៊ុំ សំអាន។

លោក ឈាង វុន បានលើកឡើងថា ការបោះឆ្នោតឱ្យផ្អាក ការអនុវត្តនីតិវិធីរបស់តុលាការ ទៅលើលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវការសំឡេង ៣/៤ នៅក្នុងរដ្ឋសភា ប៉ុន្តែកិច្ចប្រជុំសភាពេញអង្គម្សិលមិញនេះ មានតែសំឡេង៥០បូក១ប៉ុណ្ណោះ ដោយសារតែតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំងអស់ ធ្វើពហិការក្នុងការចូលប្រជុំ។ លោកចាត់ទុកថា ការធ្វើពហិការនេះ គឺជាកង្វះសាមគ្គីរបស់គណបក្សសង្រ្គោះជាតិ ក្នុងការជួយដល់ លោក អ៊ុំ សំអាន។

លោក ឈាង វុន បានបន្ថែមថា ក្នុងកិច្ចប្រជុំម្សិលមិញនេះ សមាជិករដ្ឋសភា សំឡេងភាគច្រើនដាច់ខាតបានគាំទ្រឱ្យតុលាការ និងសមត្ថកិច្ច អនុវត្តតាមនីតិវិធីចំពោះបទល្មើសព្រហ្មទណ្ឌជាក់ស្តែង របស់ លោក អ៊ុំ សំអាន ហើយមិនមានតំណាងរាស្រ្តណាម្នាក់ស្នើឱ្យបោះឆ្នោតផ្អាកនីតិវិធីនោះឡើយ។

លោក ឈាង វុន បញ្ជាក់យ៉ាងដូច្នេះថា «បើមានតំណាងរាស្រ្តណាម្នាក់ចង់ឱ្យផ្អាក សេចក្តីសម្រេចកាលពីម្សិលមិញ គឺសម្រេចអត់បានទេ ត្រូវលើកទៅមាត្រា១៣ គឺស្នើសុំតំណាងរាស្ត្រឱ្យបោះឆ្នោតឱ្យផ្អាក ហើយបើផ្អាកទាល់តែ៣/៤ អញ្ចឹងដើម្បីឱ្យបាន៣/៤ ច្បាប់គេបានចែងមកថា បើសិនជាត្រូវការសំឡេងសម្រេចប៉ុន្មាន កូរ៉ុមត្រូវមានប៉ុណ្ណឹង»។

លោកបានបន្ថែមថា «យើងអត់បានធ្វើទេអាហ្នឹង ព្រោះអត់មាននរណាស្នើឱ្យផ្អាក ឥឡូវរឿងធំ ការបន្តនីតិវិធីហ្នឹង មិនមែនមកពីគណបក្សប្រជាជននោះទេ គឺគណបក្សសង្រ្គោះជាតិហ្នឹង គាត់ធ្វើការលះបង់ លោក អ៊ុំ សំអាន តែម្តង បើសិនយើងប្រជុំម្សិលមិញ មានតែគ្នាគាត់ចូលស្នើឱ្យផ្អាក អាហ្នឹងគាំងតែម្តង គឺពួកគាត់មិនចេះច្បាប់ គាត់មិនចេះការពារគ្នារបស់គាត់»

មាត្រា៨០ កថាខណ្ឌទី៣ នៃច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា «ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល»។

ចំណែកមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ក៏បានចែងដែរថា ក្នុងករណីតំណាងរាស្រ្តណាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ហើយធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅចន្លោះសម័យប្រជុំរដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។ ក្នុងន័យនេះ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនតំណាងរាស្រ្តណាមួយ ក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង អាចធ្វើទៅបាន ដោយពុំចាំបាច់លើកអភ័យឯកសិទ្ធិសភា តាមមតិភាគច្រើន ២/៣ នៃសមាជិករដ្ឋសភាទាំងមូលនោះទេ៕

Advertising