(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា រយៈពេលជិត២ឆ្នាំមកនេះ មិនបានធ្វើឱ្យប៉ះពាល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជានោះឡើយ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ឬហៅថា «ស្ពានភ្ជាប់និស្ស័យ» នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គ្រប់គម្រោងដែលបានដំណើរការ និងបានសិក្សារួចរាល់ មិនបានពន្យារ ឬលុបចោលទៅវិញនោះឡើយ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ទៀត គ្រោងនឹងសម្ពោធជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងទាំងនោះរួមមាន៖ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១តភ្ជាប់ពីអ្នកលឿង ទៅផ្លូវជាតិលេខ៧, សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភណ្ឌ, សម្ពោធផ្លូវជាតិលេខ៧ ពីក្រចេះ ទៅស្ទឹងត្រែង, សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧ (ស្ពាន២ ស្ថិតនៅលើផ្លូវលេខ១១ , ស្ពាន៥ លើផ្លូវជាតិលេខ៧៣) និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា ក្រៅតែពីគម្រោងដែលនឹងដាក់សម្ពោធនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក៏កំពុងបន្តសាងសង់ និងកំពុងសិក្សាដើម្បីសាងសង់ផងដែរ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានឆ្លៀតបញ្ជាក់ដែរថា រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយចិ ន មិនមានគម្រោងណាមួយត្រូវបានពន្យារនោះទេ បើទោះបីចិនជួបការលំបាកដោយជំងឺកូវីដ១៩ក៏ដោយចុះ៕