(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានជនសង្ស័យម្នាក់ទៀត ចាក់ជាច្រើនកាំបិតប្លន់យកទ្រព្យដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ុន្តែប្លន់ពុំបានទ្រព្យសម្បត្តិនោះទេ ហើយក្រោយមកជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន នាំយកទៅសាកសួរនិងចាត់ការតាមច្បាប់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វ៉ិត សុខន អាយុ៤៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើរងរបួសជាច្រើនកន្លែង។ ចំណែកឯជនសង្ស័យឈ្មោះ ចំរើន ឧត្តម អាយុ៣១ឆ្នាំ ពីមុនស្នាក់នៅភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ហើយបច្ចុប្បន្នស្នាក់នៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល។

នគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាទៀបភ្លឺថ្ងៃកើតហេតុ ជនរងគ្រោះបានក្រោកពីដំណេករួចបានដាំទឹកដើម្បីឆុងតែ ខណៈនោះជនសង្ស័យបានចូលទៅរើកាកាយនៅក្នុងបន្ទប់អាសនៈរបស់គាត់។ ពេលនោះស្រ្តី រងគ្រោះបានឮស្នូររើកាកាយ ក៏បានចេញទៅមើល ប៉ុន្តែបានឃើញអ្វីឡើយ បន្ទាប់មកក៏បានទៅមើលបន្ទប់ដេក ស្រាប់តែឃើញជនសង្ស័យកំពុងរើកកាយកាបូបលុយ និងគ្រឿងអលង្ការរបស់គាត់។

ភ្លាមនោះគាត់ក៏បានរត់ចូលទៅក្នុងបន្ទប់អាសនៈ ហើយត្រូវជនសង្ស័យរត់ដេញតាមធ្វើសកម្មភាពចាក់ជាច្រើនាំបិត បណ្ដាលឲ្យគាត់រងរបួសហូរឈាមជោគខ្លួន ពេលនោះគាត់ក៏បានចាប់ទាញពងស្វាសជនសង្ស័យ ធ្វើឲ្យជននេះឈឺចាប់ទើបគាត់មានឱកាសបានរត់ចេញក្រៅស្រែកឲ្យកូនជួយបង្កឲ្យមានការភ្ញាក់ផ្អើល។

មន្រ្តីនគរបាលរូបនោះ បានបន្តថា ពេលនោះកូនៗរបស់គាត់បាននាំគ្នារត់ទៅជួយម្ដាយ ប៉ុន្តែពេលទៅដល់ជនសង្ស័យបានរត់ផ្លោះរបងគេចខ្លួនបាត់ទៅហើយ តែស្រ្តីរងគ្រោះស្គាល់ជនសង្ស័យ និងបានប្រាប់កូនថា ឈ្មោះ ឧត្តម នៅភូមិត្រពាំងអារក្ស ជាអ្នកចាក់ប្លន់គាត់។ បន្ទាប់មកទើបកូនៗ ប្ដឹងនគរបាលប៉ុស្តិ៍ឪឡោក និងនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌកំបូល ឲ្យចុះទៅពិនិត្យកន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕