(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្ត រៀបចំអាវរងា ភួយ មុង ដើម្បីជូនមនុស្សវ័យចំណាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C» នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ គឺសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់នេះ។

ការផ្តាំផ្ញើរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា គឺប្រជាពលរដ្ឋ ដែលមានមនុស្សវ័យចំណាស់នៅក្នុងបន្ទុក ត្រូវមើលថែគាត់លើអាវរងា ភួយ និងមុងជាដើម ខណៈអាជ្ញាធរវ័យ ត្រូវអន្តរាគមន៍ជួយមនុស្សវ័យចំណាស់ ដែលគ្មានទីពឹង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះ ផ្តាំទៅបណ្តាខេត្តទាំងអស់ លើអ្វីដែលខ្ញុំចេញសម្លេងថ្ងៃមុន ទាក់ទងនឹងការយកចិត្តទុកដាក់លើសុខភាពមនុស្សចាស់ ចាប់ពីអាទិត្យទី១ នៃខែធ្នូ រហូតដល់ខែកុម្ភៈ សីតុណ្ហភាពកម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំង។ នៅកន្លែងខ្លះធ្លាក់ចុះ ដល់ ១៥អង្សា។ កូនចៅ ដែលមានជីដូនជីតាចាស់ៗ ត្រូវយកចិត្តទុកដាក់ថែទាំពួកគាត់។ ចែកអាវរងា ភួយ មុង ហើយអាជ្ញាធរ ត្រូវពិនិត្យត្រូវអន្តរាគមន៍មើលមនុស្សចាស់ៗ ដែលអត់មានទីពឹង»

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពអាកាសធាតុ ដោយបានបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ និងពីសប្តាហ៍ទី៤ ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២។

នេះដោយសារចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៉ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ៩០% និងថយបន្តិចម្តងៗ មកនៅត្រឹម៦០% នៅខែកុម្ភៈ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៉ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា៕