(ភ្នំពេញ)៖ នៅសាលាខណ្ឌទួលគោក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ-សង្កាត់ (ឆ្នាំ២០២២-២០២៤) ស្ថិតក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ-សង្កាត់ (ឆ្នាំ២០២២-២០២៤) ក៏មានការចូលរួមពី លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ជា ពិសី អភិបាលខណ្ឌ ព្រមទាំងអស់លោក-លោកស្រី នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យ ចៅសង្កាត់ទាំង១០ ស្មៀនសង្កាត់ទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោយពីមានប្រកាសអន្តរក្រសួង ស្តីពីការដាក់ឲ្យប្រើប្រាស់សេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

ក្នុងពិធីនេះ បានផ្ដោតសំខាន់លើការសិក្ខាសាលាសមាហរណកម្ម ជាផ្នែកមួយនៃផែនការអភិវឌ្ឍ៥ឆ្នាំ ក្នុងការរួមចំណែករៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខណ្ឌទួលគោក ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន ដែលក្រុមប្រឹក្សាខណ្ឌ-សង្កាត់ មន្ទីរ អង្គភាព អង្គការ និងផ្នែកឯកជន បានលើកគម្រោងស្នើឡើង និងក្នុងគោលបំណងផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព៣ឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខណ្ឌទួលគោក និងសំដៅផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់សង្កាត់សម្រាប់អនុវត្ត៥ឆ្នាំ៕