(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតរបស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរិះគន់លោក សម រង្ស៉ី និងបក្ខពួក ដែលកំពុងផ្តល់សារសំខាន់ និងតម្លៃលើស្នាក់ការគណបក្សជាង «គណបក្ស និង ប្រធានគណបក្ស»

ការរិះគន់នេះ បានធ្វើស្របពេលដែល ក្រុមរបស់លោក សម រង្ស៉ី បានអំពាវនាវដល់អ្នកគាំទ្ររបស់ខ្លួន ឱ្យចេញមុខការពារអគារនៃអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដែលតុលាការសម្រេចដាក់លក់ ដើម្បីបង់ការផាកពិន័យតាមច្បាប់ និងធ្វើសំណងផ្នែករដ្ឋប្បវេណី ដល់ដើមបណ្តឹង។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោក មុត ចន្ថា បានជំរុញឱ្យសាធារណជន និងអ្នកគាំទ្រគួរសិក្សាអំពីមូលហេតុដែល លោក សម រង្ស៉ី និងមនុស្សជំនិតរបស់គាត់ ដូចជាលោក អេង ឆៃអ៊ាង ដែលកំពុងផ្តល់សារសំខាន់ និងតម្លៃលើស្នាក់ការគណបក្សជាង «គណបក្ស» និង «ប្រធានគណបក្ស»។ លោករៀបរាប់ទាំងស្រុងដូច្នេះថា៖

ទី១៖ គេនៅចាំបានយ៉ាងច្បាស់ថា រយៈពេលត្រឹមតែ ១ថ្ងៃ ក្រោយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានចាប់ខ្លួន, លោក សម រង្ស៉ី បានប្រកាសឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ ជាពិសេសមន្រ្តីជាប់ឆ្នោត រួមទាំងតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទើបជាប់ថ្មីទាំង ៥,០០៧ អាសនៈ ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ឱ្យចាកចេញពីប្រទេស។ ទង្វើនេះបានបង្ហាញសក្ខីកម្មយ៉ាងច្បាស់ថា លោក សម រង្ស៉ី មិនបានផ្តល់សារសំខាន់ និងតម្លៃដល់លោក កឹម សុខា ក្នុងនាមជាប្រធានគណបក្ស និងគ្មានចេតនាជំរុញឱ្យមានការតស៊ូដោយអហិង្សាអ្វីទាំងអស់នៅក្នុងប្រទេស សំដៅទាមទារឱ្យមានការដោះលែងឡើយ។ លោក សម រង្ស៉ី និងអ្នកគាំទ្ររបស់គាត់មានបំណងបញ្ចប់ជីវិតរបស់ លោក កឹម សុខា ពីគណបក្សសង្រ្គោះជាតិ និងពីឆាកនយោបាយឱ្យដេកក្នុងពន្ធនាគារជារៀងរហូត។

ទី២៖ នៅមុនការរំលាយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក សម រង្ស៉ី នៅតែប្រកាសឱ្យថ្នាក់ដឹកនាំបក្ស និងមន្រ្តីជាប់ឆ្នោតទាំងអស់រត់ចេញក្រៅប្រទេស នៅក្រោមលេសបញ្ចៀសនូវការគំរាមកំហែង និងការទិញទឹកចិត្តឱ្យចុះចូលជាមួយគណបក្សកាន់អំណាច។ សំខាន់ជាងនេះទៀត លោក សម រង្ស៉ី បានបញ្ជាមកក្រុមមេធាវីគណបក្សមិនឱ្យចូលខ្លួនទៅតតាំងក្តីក្នុងពេលសវនការរបស់តុលាការកំពូល ដោយបើកឱកាសឱ្យក្រុមមេធាវីដើមបណ្តឹងដែលស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ លើកហេតុផលគ្រប់យ៉ាងនិងភស្តុតាង ដើម្បីដាក់បន្ទុកដោយសេរី ក្នុងការទាមទាររំលាយគណបក្ស។ រីឯតុលាការកំពូលក៏បានសម្រេចសេចក្តីដោយងាយស្រួល ខណៈដែលចុងចោទ ឬក្រុមមេធាវីការពារក្តីឱ្យចុងចោទពុំមានវត្តមានតតាំងក្នុងសវនការ។ ទង្វើនេះបានបង្ហាញ និងបញ្ជាក់យ៉ាងច្បាស់ថា លោក សម រង្ស៉ី មានចេតនាចង់ឱ្យតុលាការរំលាយគណបក្ស នៅក្រោមទ្រឹស្តី «នំអញមិនបានស៊ី អញជាន់ចោល!»។ គួរកត់សម្គាល់ថា លោក សម រង្ស៉ី បានលាលែងពីមុខតំណែងជាប្រធានគណបក្សសង្រ្គោះជាតិ និងពីសមាជិកភាពទាំងអស់ក្នុងគណបក្ស នៅខែកុម្ភៈ ឆ្នាំ២០១៧ និងស្របពេលជាគ្នានេះដែរគាត់ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ដែលគាត់ដឹងច្បាស់ជាមុនថាមិនអាចវិលត្រឡប់មកដឹកនាំគណបក្សសង្រ្គោះជាតិវិញបានទេ ហើយគាត់ក៏មិនចង់ឱ្យលោក កឹម សុខា បន្តដឹកនាំគណបក្សសង្រ្គោះជាតិ ដោយគ្មានវត្តមានរបស់គាត់ដែរ ព្រោះគាត់ និងមនុស្សជំនិតព្រួយបារម្ភចំពោះលោក កឹម សុខា លេបយកគណបក្សនេះទាំងស្រុង។ ដូច្នេះគាត់មានចេតនាបើកដៃរុញឱ្យតុលាការកំពូលរំលាយគណបក្សដោយស្រួល ដោយគ្មានការតតាំងលើសមរភូមិច្បាប់និងតុលាការ។ សហគមន៍អន្តរជាតិបានចោទសួរអំពីមូលហេតុដែលគណបក្សមិនព្រមចាត់តាំងក្រុមមេធាវីទៅការពារនៅក្នុងសវនការ ប៉ុន្តែចម្លើយពីលោក សម រង្ស៉ី និង អេង ឆៃអ៊ាង គឺ «មិនចង់ផ្តល់ភាពស្របច្បាប់ដល់ការរំលាយរបស់តុលាការកំពូល ហើយថាប្រសិនជាចាត់ក្រុមមេធាវីទៅការពារក៏គង់តែត្រូវគេរំលាយដដែល»។ ចម្លើយនេះត្រូវបានចំអកឱ្យថាគណបក្សគ្មានយុទ្ធសាស្រ្តច្បាប់។

ទី៣៖ នៅមុនការរំលាយគណបក្សសង្រ្គោះជាតិនេះដែរ លោក សម រង្ស៉ី បានប្រកាសឌឺដងពីក្រៅប្រទេសដាក់ប្រមុខរាជរដ្ឋាភិបាល គឺ សម្តេច ហ៊ុន សែន ថាមិនហ៊ានរំលាយគណបក្សសង្រ្គោះជាតិនោះទេ ព្រោះសហគមន៍អន្តរជាតិមិនអនុញ្ញាតឱ្យធ្វើបែបនេះជាដាច់ខាត។ លោក សម រង្ស៉ី ក៏បាននិយាយផ្គើនម្តងហើយម្តងទៀតថា «សម្តេច ហ៊ុន សែន មិនហ៊ានរំលាយ ហើយប្រសិនជាក្លាហានរំលាយសាកមើលទៅដឹងហើយ!» ចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថា លោក សម រង្ស៉ី មានបំណងបង្កកំហឹង ដើម្បីដាក់សម្ពាធជំរុញឱ្យរំលាយគណបក្សសង្រ្គោះជាតិ ឱ្យខាងតែបាន។

ទី៤៖ តាមការសង្កេតជាក់ស្តែង គេមិនបានឃើញអ្នកនយោបាយ និងសកម្មជនមូលដ្ឋានរបស់លោក សម រង្ស៉ី ចេញមកតវ៉ា ឬដាក់ញត្តិប្រឆាំងតវ៉ាជាសាធារណៈចំពោះការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិ ឡើយ។ ផ្ទុយទៅវិញ លោក សម រង្ស៉ី បានប្រាប់មកតំណាងរាស្រ្តដែលកូនចៅរបស់គាត់ឱ្យបញ្ឈប់ការតវ៉ានៅមុខពន្ធនាគារ និងបញ្ជាឱ្យពួកគេចាកចេញពីប្រទេស ដែលយ៉ាងហោចណាស់មានតំណាងរាស្រ្តច ២០រូប រួមទាំងលោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក ឡុង រី, លោក ហូ វ៉ាន់, លោក យឹម សុវណ្ណ, លោក គី វណ្ណដារ៉ា ជាដើម បានចាកចេញ ឬរត់ចេញក្រៅប្រទេស ក្នុងគោលបំណង ៖

៤.១- លោក សម រង្ស៉ី បានប្រកាសបង្ហាញពីចេតនា និងគោលបំណងបង្កើត «រដ្ឋាភិបាលនិរទេស នៃគណបក្សសង្រ្គោះជាតិ» ព្រោះគាត់យល់ថា កាលណាថ្នាក់ដឹកនាំគណបក្សកម្រិតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍-គណៈកម្មាធិការនាយក សមាជិកសភា មន្រ្តីជាប់ឆ្នោតមូលដ្ឋាន ហើយនិងថ្នាក់ដឹកនាំភាគច្រើនរត់ចេញក្រៅប្រទេស នឹងអាចបង្ខំឱ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាលនិរទេសរបស់គាត់។ ផែនការនេះត្រូវបានបរាជ័យ ដោយសារមិនមានកង់សង់ស៊ីសពីក្រុមនយោបាយក្នុងសម្ព័ន្ធភាពដែលមានបំណងតស៊ូដោយមធ្យោបាយអហិង្សា និងតាមផ្លូវច្បាប់-តុលាការ ដើម្បីដោះស្រាយសំណុំរឿងរបស់លោក កឹម សុខា។ ម្យ៉ាងទៀត ការបង្កើតនូវរដ្ឋាភិបាលនិរទេសនៃគណបក្សសង្រ្គោះជាតិ ជាអំពើផ្ទុយនឹងច្បាប់ធម្មនុញ្ញ ដែលរឹតតែនាំមកផលលំបាកជាច្រើននៅក្នុងប្រទេស។

៤.២- ចេតនានយោបាយសំខាន់របស់លោក សម រង្ស៉ី គឺចង់ឱ្យមនុស្សទាំងអស់បោះបង់ចោលលោក កឹម សុខា និងចាប់យកឱកាសវិលចូលមកដឹកនាំគណបក្សសង្រ្គោះជាតិឡើងវិញ តាមរយៈការបង្កើតនូវរដ្ឋាភិបាលនិរទេស និងលើកបន្តុបខ្លួនគាត់ជានាយករដ្ឋមន្រ្តី។ ដោយសារផែនការនេះត្រូវបរាជ័យ គាត់ក៏ងាកមករកយុទ្ធសាស្រ្តធ្វើបក្សប្រហារ តាមរយៈការរៀបចំព្រឹត្តិការណ៍មួយនូវអ្វីដែលគាត់ឱ្យឈ្មោះថា «សន្និសីទពិភពលោករបស់អ្នកគាំទ្រនៃគណបក្សសង្រ្គោះជាតិ» នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដែលបានលើកបន្តុបខ្លួនគាត់ជា «ប្រធានស្តីទីបក្ស»

៤.៣- គោលបំណងនៃបក្សប្រហារដណ្តើមយកតួនាទីប្រធានស្តីទីបក្សនេះ គឺដើម្បីបង្វែរការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិឱ្យងាកចេញពីករណីរបស់លោក កឹម សុខា ប្រធានគណបក្សដែលត្រូវបានចាប់និងឃុំខ្លួន និងបង្ខំឱ្យសហគមន៍អន្តរជាតិងាកមកសហការជាមួយគាត់ ក្នុងនាមជាប្រធានស្តីទីជំនួសវិញ។ ស្របពេលជាមួយគ្នា អ្នកនយោបាយនិងសកម្មជនមូលដ្ឋានរបស់លោក សម រង្ស៉ី បានប្រើប្រាស់បណ្តាញសង្គមបង្ហោះព័ត៌មានចោទមួលបង្កាច់លោក កឹម សុខា ថាជា «អ្នកស៊ីឈ្នួលជាប់គុក» ដើម្បីបន្ទាប និងបញ្ចុះតម្លៃនៃការលះបង់របស់គាត់។ លោក សម រង្ស៉ី ក៏បានថ្លែងសារនយោបាយបន្តុះបង្អាប់ថាៈ «ខ្ញុំមិនល្ងង់ដូចលោកបណ្ឌិត កែម ឡី ឱ្យគេសម្លាប់អត់ប្រយោជន៍នោះទេ» ហើយ «ខ្ញុំក៏មិនល្ងង់ដូចលោក កឹម សុខា ឱ្យគេចាប់ដាក់គុកអត់ប្រយោជន៍ដែរ»។ កលល្បិចរបស់គាត់ត្រូវបានបរាជ័យ ខណៈដែលសហគមន៍អន្តរជាតិមិនបានចាប់អារម្មណ៍ និងងាកមកសហការជាមួយគាត់ឡើយ ដោយសារគាត់មានឋានៈជាទណ្ឌិតដែលមិនអាចឱ្យសហគមន៍អន្តរជាតិសហការជាមួយបាន ហើយម្យ៉ាងទៀតឋានៈប្រធានស្តីទីរបស់គាត់ដណ្តើមបានមកដោយការរំលោភបំពានច្បាប់ផ្ទៃក្នុងបក្ស គឺលក្ខន្តិកៈគណបក្ស ជាពិសេសគាត់ជាប្រធានស្ថាបនិកចលនាសង្រ្គោះជាតិដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអង្គការចាត់តាំងនយោបាយខុសច្បាប់ ឬក្រៅច្បាប់ ឬក្រុមឧទ្ទាមក្រៅច្បាប់។

៤.៤- នៅមុនពេលធ្វើបក្សប្រហារនៅខែធ្នូ ឆ្នាំ២០១៨ លោក សម រង្ស៉ី បានបង្កើត «សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលគាត់បានអះអាងពីគោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីសម្រេចឲ្យបាននូវឯកភាពជាតិដោយមានលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន។ ប៉ុន្តែគេបានកត់សម្គាល់ឃើញថា លោក រង្ស៉ី មិនបានធ្វើសកម្មភាពអ្វីសោះក្នុងក្របខ័ណ្ឌសមាគមនេះ ដើម្បីបំពេញតាមគោលបំណងនៃការបង្កើតនូវសមាគមនេះឡើយ។ ដោយសារសមាគមនេះត្រូវបានបរាជ័យ លោក សម រង្ស៉ី បានងាកមកបង្កើត «ចលនាសង្រ្គោះជាតិ» នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅលើទឹកដីសហរដ្ឋអាមេរិក ដែលយោងតាមសារត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់គាត់ និងលោក អេង ឆៃអ៊ាង គឺចលនានេះប្រកាសឱ្យប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាល។ ចលនានេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់ និងប្តេជ្ញាបង្រ្កាបយ៉ាងដាច់អហង្ការ។ ខណៈដែលក្រុមអ្នកនយោបាយ និងអ្នកគាំទ្រចេញពីគណបក្សសិទ្ធិមនុស្សមិនបានគាំទ្រចំពោះការបង្កើតនូវចលនានេះទេ ព្រោះវាជាចលនាខុសច្បាប់ដែលផ្ទុយពីគោលបំណងនៃការតស៊ូដោយអហិង្សានិងតាមផ្លូវច្បាប់។ ក្រុមអ្នកនយោបាយរបស់លោក កឹម សុខា ក៏យល់ឃើញថាចលនាសង្រ្គោះជាតិ ប្រាកដណាស់នឹងនាំមកនូវការឈឺចាប់ និងទុក្ខលំបាកដល់មនុស្សជាច្រើនដែលជឿតាមផែនការខុសច្បាប់នេះ ដែលធ្វើឱ្យអាជ្ញាធរមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីបង្រ្កាបតាមគ្រប់រូបភាពនិងទម្រង់។ ជាលទ្ធផល មនុស្សជាច្រើនត្រូវប្រឈមនឹងវិធានការច្បាប់និងតុលាការ គឺ «ត្រូវបានចាប់ខ្លួន, ប្រឈមដីកាស្វែងរកការចាប់ខ្លួន, ការជាប់ពន្ធនាគារ និងការរត់គេចខ្លួនចោលក្រុមគ្រួសារ»។

៤.៥- នៅខែឧសភា ឆ្នាំ២០១៩ លោក សម រង្ស៉ី បានប្រកាសឱ្យអ្នកគាំទ្រនិងសកម្មជនមូលដ្ឋានប្រមូលផ្តុំបរិភោគនំបញ្ចុក ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងផែនការមាតុភូមិនិវត្តន៍ ៩វិច្ឆិកា២០១៩។ អាជ្ញាធរបានប្រកាសចាត់វិធានការចំពោះការប្រមូលផ្តុំចូលរួមក្នុងសកម្មភាពត្រូចបានហាមឃាត់។ ដោយយល់ថានេះជាសកម្មភាពផ្ទុយនឹងបម្រាមរបស់អាជ្ញាធរផង និងផ្ទុយនឹងច្បាប់ផង ក្រុមអ្នកនយោបាយ និងអ្នកគាំទ្រនៃកូតាសិទ្ធិមនុស្សមិនចូលរួមក្នុងយុទ្ធនាការនេះឡើយ ព្រោះវាផ្ទុយពីគោលបំណងនៃការតស៊ូដោយអហិង្សានិងស្របច្បាប់។ ម្យ៉ាងវិញទៀត គោលការណ៍នយោបាយរបស់ក្រុមលោក កឹម សុខា មិនរុញច្រាន និងមិនប្រើប្រាស់ការឈឺចាប់របស់អ្នកគាំទ្រ ដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួនឡើយ។ ភាពខុសគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៉ី គឺថាលោក កឹម សុខា នាំមុខអ្នកគាំទ្រ ចំណែកលោក សម រង្ស៉ី រុញច្រានអ្នកគាំទ្រឡើងជួរមុខ។ ជាលទ្ធផល មនុស្សជាច្រើនបានទទួលលិខិតអញ្ជើញពីនគរបាលមូលដ្ឋាន និង/ឬ ដីកាកោះឱ្យចូលខ្លួនទៅកាន់តុលាការ, មួយចំនួនទៀតត្រូវបានចាប់ខ្លួន និងមួយចំនួនទៀតរត់គេចខ្លួនទៅក្រៅប្រទេស។

៤.៦- នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានអំពាវនាវជាថ្មីទៀត ដោយឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បែរចុងកាណុងសំដៅទៅ សម្តេច ហ៊ុន សែន វិញ ប្រសិនជា សម្តេច ហ៊ុន សែន បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋដែលគាត់អះអាងថានឹងមកទទួលគាត់ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩។ រាជរដ្ឋាភិបាលបានចេញបញ្ជាឱ្យកម្លាំងប្រដាប់អាវុធត្រៀមបង្រ្កាបជាដាច់ខាត។ ប្រជាពលរដ្ឋខ្មែរមួយចំនួននៅមូលដ្ឋានដែលមិនបានយល់ស៊ីជម្រៅចំពោះការអំពាវនាវ និងផែនការមាតុភូមិនិវត្តន៍ ៩វិច្ឆិកា របស់លោក សម រង្ស៉ី ក៏បានបង្ហាញការគាំទ្ររបស់ពួកគេ ដែលជាលទ្ធផលមនុស្សមួយចំនួនត្រូវបានប្រឈមនឹងវិធានការច្បាប់និងតុលាការ គឺ «ត្រូវបានចាប់ខ្លួន, ប្រឈមនឹងដីកាស្វែងរកការចាប់ខ្លួន, ការជាប់ពន្ធនាគារ និងការរត់គេចខ្លួនចោលក្រុមគ្រួសារ»។ ការពិតយើងដឹងមុនរួចហើយ គឺលោក សម រង្ស៉ី ប្រាកដជាគ្មានភាពក្លាហានវិលត្រឡប់ ឬធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសវិញនោះទេ ខណៈដែលរាជរដ្ឋាភិបាលប្រកាសបង្រ្កាបគ្រប់រូបនោះ ប៉ុន្តែចេតនាពិតរបស់គាត់ គឺធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាប់អារម្មណ៍ចំពោះគាត់ ហើយគាត់ចង់ប្រើការគំរាមបង្រ្កាបរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋដែលចូលរួមគាំទ្រផែនការរបស់គាត់ ដើម្បីបង្ខំឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាល សំដៅបើកផ្លូវឱ្យមានការចរចាសម្រាប់គាត់។ ប៉ុន្តែលោក សម រង្ស៉ី យល់ខុសពីជំហររបស់សហគមន៍អន្តរជាតិ ព្រោះពួកគេមិនអាចគាំទ្រចំពោះសកម្មភាពខុសច្បាប់ ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យមួយឡើយ ទោះបីប្រទេសនោះមានបញ្ហានយោបាយផ្ទៃក្នុងយ៉ាងណាក៏ដោយ។ ជាការកត់សម្គាល់ អតីតកាលបានបង្ហាញថា លោក សម រង្ស៉ី គ្មានភាពក្លាហានវិលត្រឡប់ចូលប្រទេស ប្រសិនជាគាត់មិនទទួលបាននូវភ្លើងខៀវ ឬដំណោះស្រាយនយោបាយជាមុននោះ (ករណីឆ្នាំ១៩៩៨, ឆ្នាំ២០០៦, ឆ្នាំ២០១៣)។ ដូច្នេះផែនការមាតុភូមិនិវត្តន៍ ៩វិច្ឆកា២០១៩ គឺជាផែនការកុហក់ និងជាផែនការប្រើប្រាស់ការឈឺចាប់របស់ប្រជាពលរដ្ឋ ដើម្បីប៉ុនប៉ងសម្រេចមហិច្ឆតានយោបាយរបស់គាត់។ ជាលទ្ធផល មនុស្សជាច្រើនត្រូវបានប្រឈមនឹងវិធានការច្បាប់និងតុលាការៈ គឺ «ត្រូវបានចាប់ខ្លួន, ប្រឈមនឹងដីកាស្វែងរកការចាប់ខ្លួន, ការជាប់ពន្ធនាគារ និងការរត់គេចខ្លួនចោលក្រុមគ្រួសារ»

៤.៧- នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោក សម រង្ស៉ី បានប្រកាសអំពីផែនការមាតុភូមិនិវត្តន៍ទី២ ថានឹងកើតមានជាថ្មីម្ដងទៀត នៅពេលខាងមុខ។ គាត់បានថ្លែងប្រាប់វិទ្យុបរទេសមួយ (RFA) ថា ផែនការមាតុភូមិនិវត្តន៍ទី២នេះ ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជាឱ្យរួចពីការគ្រប់គ្រងបែបផ្ដាច់ការរបស់ សម្តេច ហ៊ុន សែន សព្វថ្ងៃ។ គាត់ថ្លែងដូច្នេះថាៈ «យើងមិនអាចនៅស្ងៀម យើងមិនអាចបណ្ដោយឱ្យ (សម្តេច) ហ៊ុន សែន បំផ្លាញជាតិ សម្លាប់ជាតិយើងទេ ក្នុងឋានៈជាកូនខ្មែរយើង កាតព្វកិច្ច ភារកិច្ចរបស់យើងទៅសង្គ្រោះជាតិ ទៅរំដោះប្រទេសជាតិ ខ្ញុំនឹងទៅដល់ប្រទេសកម្ពុជា ខ្ញុំអត់ប្រាប់មុនទេ»។ ផែនការមាតុភូមិនិវត្តទី២ គឺមិនខុសពីផែនការមាតុភូមិនិវត្តន៍ទី១ ៩វិច្ឆិកា២០១៩ នោះទេ គឺគាត់ធ្វើបានត្រឹមតែប្រមូលស្រោមសំបុត្រដាក់ហោរប៉ៅប៉ុណ្ណោះ ប៉ុន្តែយើងមិនដែលឃើញមុខមាត់គាត់អើតចូលប្រទេសកម្ពុជាម្តងណាឡើយ។ ផ្ទុយទៅវិញផែនការទី២នេះ ត្រូវបានគាត់ប្តូរតួជំនួស គឺលោកស្រី មូរ សុខហួរ តែម្នាក់ឯងប៉ុណ្ណោះ ដើម្បីបញ្ឆោតឆាកល្ខោននេះ។ លោកស្រី មូរ សុខហួរ បានធ្វើពុធជាចេញមកអនុវត្តផែនការទី២នេះ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ប៉ុន្តែផែនការនេះត្រូវបានបរាជ័យទៅវិញ។ អ្នកចំណេញពីផែនការទី២នេះ គឺលោក សម រង្ស៉ី ដដែល ព្រោះគាត់បានប្រមូលប្រាក់រាប់ម៉ឺនដុល្លារចូលហោរប៉ៅ។

៤.៨- នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់គាត់ថា សហគមន៍អន្តរជាតិ និងកងទ័ពកម្ពុជា នឹងគាំទ្រដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតដោយពលរដ្ឋ និងដឹកនាំដោយអ្នកប្រជាធិបតេយ្យ ដូចករណី នៅប្រទេសភូមាដែរ។គាត់បានសរសេរដូច្នេះថាៈ «យើងនៅប្រទេសកម្ពុជាក៏ត្រូវដើរតាម(ភូមា)ដែរ គឺអាចមានរដ្ឋាភិបាលមួយបង្រួបបង្រួមជាតិ ដែលមានកម្លាំងប្រជារាស្ត្រគាំទ្រពេញទំហឹងដែលមានកងកម្លាំងប្រដាប់អាវុធមួយចំនួនឈរខាងប្រជារាស្ត្រ អត់ឈរខាង ហ៊ុន សែន ទៀតទេ ឈរខាងប្រជារាស្ត្រ។ ដូច្នេះរដ្ឋាភិបាលបែបហ្នឹង ខ្ញុំជឿថា នឹងមានការគាំទ្រយ៉ាងធំធេងពីប្រជារាស្ត្រខ្មែរផង ពីសហគមន៍អន្តរជាតិផង។ បន្ទាប់ពីមានការវិវត្តន៍យ៉ាងធំធេងនៅប្រទេសភូមា»។ ឆ្លើយតបភ្លាមៗ រាជរដ្ឋាភិបាលបានថ្កោលទោសចំពោះការប្រកាសនេះ និងបានចាត់វិធានការច្បាប់ប្រឆាំងនឹងរូបគាត់។ រីឯលោក កឹម សុខា តាមរយៈមេធាវីរបស់លោក បានប្រកាសមិនគាំទ្រ និងជាប់ពាក់ព័ន្ធក្នុងផែនការរបស់លោក សម រង្ស៉ី នេះទេ ព្រោះវាជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា។

៤.៩- ផែនការសកម្មភាពរបស់ លោក សម រង្ស៉ី ចាប់តាំងពីឆ្នាំ២០១៧ រហូតមកទល់ពេលនេះ គឺហាក់មានចេតនានិងគោលបំណងបញ្ជូនសារទៅមជ្ឈដ្ឋានជាតិនិងអន្តរជាតិថា មានតែគាត់ម្នាក់ប៉ុណ្ណោះ គឺជាតួអង្គនយោបាយសំខាន់ ហើយមានតែគាត់ម្នាក់គត់ដែលហ៊ានតតាំងជាមួយអ្នកដឹកនាំប្រទេសបច្ចុប្បន្ន។ ប៉ុន្តែប្រសិនជាយើងពិនិត្យមើលលទ្ធផលពីសកម្មភាពទាំងអស់របស់គាត់ រួមមានៈ «បង្កើតរដ្ឋាភិបាលនិរទេស, បង្កើតសមាគមដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា, បង្កើតចលនាសង្រ្គោះជាតិ, បក្សប្រហារដណ្តើមតំណែងប្រធានស្តីទី, យុទ្ធនាការប្រមូលផ្តុំបរិភោគនំបញ្ចុក, ផែនការមាតុភូមិនិវត្តន៍ទី១ ៩វិច្ឆិកា, ផែនការមាតុភូមិនិវត្តន៍ទី២ ៤មករា២០២១, រដ្ឋាភិបាលរួបរួមជាតិ» មិនសម្រេចបានអ្វីទាំងអស់ គឺប្រៀបដូចផ្គរលាន់គ្មានភ្លៀងដូច្នោះដែរ។ អ្វីដែលគាត់សម្រេចបាន គឺការឈឺចាប់ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ គឺ «ត្រូវបានចាប់ខ្លួន, ប្រឈមនឹងដីកាស្វែងរកចាប់ខ្លួន, ការជាប់ពន្ធនាគារ ការរត់គេចខ្លួនចោលប្រទេស និងនិរាសព្រាត់ប្រាសក្រុមគ្រួសារ»។ នៅពេលអាជ្ញាធរធ្វើការបង្រ្កាប ចាប់ខ្លួន និងតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ លោក សម រង្ស៊ី ដាក់កំហុសលើរដ្ឋាភិបាល ប៉ុន្តែគាត់ភ្លេចគិតថាគាត់ជាអ្នកបង្កើតហេតុនិងរឿងទាំងអស់នេះ ដើម្បីឱ្យអាជ្ញាធរមានហេតុផលនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីយកទៅបង្រ្កាប។ គាត់ដឹងច្បាស់ថា អ្វីដែលគាត់បង្កឡើង នឹងបង្កឱ្យមានការឈឺចាប់ និងទុក្ខសោកដល់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែគាត់នៅតែបន្តធ្វើ ព្រោះគាត់យល់ថាមានតែរុញច្រានប្រជាពលរដ្ឋជាខែលការពារគាត់ប៉ុណ្ណោះ ទើបអាចជួយឱ្យគាត់សម្រេចបាននូវទិសដៅនយោបាយ យ៉ាងហោចណាស់ជួយឱ្យជីវិតនយោបាយគាត់រស់នៅក្រៅប្រទេស និងកុំឱ្យគេភ្លេចវត្តមានគាត់។

៤.១០- ធ្វើជាអ្នកដឹកនាំនយោបាយត្រូវហ៊ានទទួលស្គាល់ការពិតចំពោះមុខ គឺថាសកម្មជននិងថ្នាក់ដឹកនាំមូលដ្ឋានដែលត្រូវបានរងនូវការចាប់ខ្លួន, ដីកាស្វែងរកចាប់ខ្លួន, ការកាត់ទោសពីតុលាការ, ការជាប់ពន្ធនាគារ ការរត់គេចខ្លួនចោលស្រុក និងការនិរាសព្រាត់ប្រាសរបស់ពួកគេពីក្រុមគ្រួសារ គឺមិនមែនដោយសារពួកគេធ្វើសកម្មភាពគាំទ្រ តវ៉ា ឬដាក់ញត្តិ ដើម្បីបុព្វហេតុទាមទារដោះលែងលោក កឹម សុខា ឬ ដើម្បីតតាំងការពារគណបក្សសង្រ្គោះជាតិ មិនឱ្យត្រូវគេរំលាយនោះទេ ប៉ុន្តែពួកគេសុទ្ធតែបានចូលរួមនិងគាំទ្រផែនការនិងសកម្មភាពរបស់លោក សម រង្ស៉ី ទាំងអស់។

ទី៥៖ គេចាប់មេបក្សស្ងាត់ឈឹង, គេរំលាយគណបក្សក៏ស្ងាត់ឈឹង! គ្មានអ្នកនយោបាយ សកម្មជន ឬអ្នកដឹកនាំមូលដ្ឋានរបស់លោក សម រង្ស៉ី ដែលវត្តមានក្នុងប្រទេសបានចេញមុខមកការពារ តវ៉ា ឬដាក់ញត្តិទាមជាសាធារណៈឡើយ។ ប៉ុន្តែនៅពេលតុលាការសម្រេចរឹបអូសយកស្នាក់ការគណបក្ស ដើម្បីដាក់លក់យកទៅទូទាត់សំណងរដ្ឋប្បវេណី គេសង្កេតឃើញមានអ្នកនយោបាយ អ្នកដឹកនាំមូលដ្ឋាន និងសកម្មជនមកពីកូតាលោក សម រង្ស៊ី បានចេញ និងកំពុងចេញញត្តិតវ៉ាប្រឆាំងចំពោះការរឹបអូសរបស់តុលាការ និងដើម្បីការពារទីស្នាក់ការគណបក្សយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម និងអះអាងថាអាគារទីស្នាក់ការ គឺជាញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរ។ គេចោទជាសំណួរថាៈ តើទីស្នាក់ការបក្សមានសារសំខាន់ និងតម្លៃជាងគណបក្សទាំងមូល និងប្រធានបក្ស មែនទេ? ចម្លើយឃើញច្បាស់ក្រឡែត គឺអ្នកនយោបាយ អ្នកដឹកនាំទាំងអស់ និងសកម្មជនចេញពីកូតារបស់លោក សម រង្ស៉ី ផ្តល់សារសំខាន់និងតម្លៃលើលុយ ព្រោះស្នាក់ការ គឺជាអចលនវត្ថុដែលលក់ទៅបានលុយ ចំណែកគណបក្ស និងប្រធានគណបក្សមិនអាចលក់បានលុយទ។

ទី៦៖ តើស្នាក់ការរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ជាអចលនទ្រព្យរបស់គណបក្សសង្រ្គោះជាតិ មែនទេ? ចម្លើយ គឺគណបក្សសង្រ្គោះជាតិពុំដែលមានទីស្នាក់ការដែលជាអចលនទ្រព្យរបស់ខ្លួនទេ ព្រោះអាគារដែលត្រូវបានប្រើប្រាស់ជាទីស្នាក់នេះ គឺជាទ្រព្យសម្បត្តិរបស់លោក សម រង្ស៉ី ដែលពីមុនមកធ្លាប់ត្រូវបានប្រើប្រាស់ជាទីស្នាក់ការកណ្តាលរបស់គណបក្សសមរង្ស៉ី បច្ចុប្បន្នជាគណបក្សភ្លើងទៀន។ ជាការពិតណាស់ អាគារនេះបានផ្តល់ជម្រកឱ្យគណបក្សសង្រ្គោះជាតិ បន្ទាប់ពីការរួបរួមច្របាច់បញ្ចូលគ្នា នៅខែកក្កដា ឆ្នាំ២០១២ និងបានបន្តដំណើរចូលរួមការបោះឆ្នោតសភានៅឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧។ ប៉ុន្តែនៅអំឡុងពេលនោះ អ្នកនយោបាយ និងសកម្មជននៃគណបក្សសមរង្ស៉ី ក៏បានប្រើប្រាស់អាគារស្នាក់ការនេះវាយប្រហារមកលើលោក កឹម សុខា និងគណបក្សសិទ្ធិមនុស្ស ថាជាគណបក្សតូចរត់មកជ្រកក្នុងផ្ទះរបស់គេ ហើយពេលខ្លះពួកគេបានចោទមកលើលោក កឹម សុខា ថា «គេឱ្យចាំផ្ទះសោះ ចង់ប្លន់យកផ្ទះគេទៀត!»

ទី៧៖ តើដីដែលបានសាងសង់ទីស្នាក់ការគណបក្សសមរង្ស៉ី នៅពីមុខ និងផ្ទះរបស់លោក សម រង្ស៉ី នៅខាងក្រោយជាប់ទន្លេ បានមកពីណា? តាមពិតដីទីស្នាក់ការនិងផ្ទះនេះ ត្រូវបានអតីតតំណាងរាស្រ្តម្នាក់ទិញធ្វើជាអំណោយឱ្យលោក សម រង្ស៉ី សម្រាប់សាងសង់ជាទីស្នាក់ការ និងផ្ទះរបស់គាត់ ដូច្នេះហើយទើបទាំងដីអាគារទីស្នាក់ការ និងទាំងដីផ្ទះត្រូវបានដាក់ឈ្មោះលោក សម រង្ស៉ី ជាកម្មសិទ្ធិករ តាមការរៀបចំឯកសារ និងការសាងសង់ទាំងអស់របស់លោក យឹម សុវណ្ណ ដែលជាអតីតស្នងការហេរញ្ញវត្ថុ (មេកាន់កាប់លុយ) របស់គណបក្សសមរង្ស៉ី។ លោក សម រង្ស៉ី បានអះអាងកាលពីពេលថ្មីៗនេះថាលោកមិនខ្វល់រឿងទ្រព្យសម្បត្តិក្រៅខ្លួននេះទេ កុំឱ្យជាប់ពាក់ព័ន្ធវិនវ៉ាយច្រើន។ ប៉ុន្តែក៏មានអ្នកឆ្ងល់ថារឿងអីគាត់ទៅខ្វល់នោះ ព្រោះដីគាត់បានមកដោយទទេរ ឬជាអំណោយគេឱ្យគាត់ រីឯការសាងសង់អាគារនិងផ្ទះ គឺជាលុយរបស់គណបក្សសមរង្ស៉ី។ ដូច្នេះលោក សម រង្ស៉ី ពុំមានចំណែកវិនិយោគជាលុយមួយកាក់មួយសែនដុល្លារនៅក្នុងនេះទេ។ ហេតុអីគាត់អាចក្លាយជាកម្មសិទ្ធិករលើអចលនទ្រព្យទាំងអស់? តើនេះអាចជាអំពើទុច្ចរិតហិរញ្ញវត្ថុ ដែរទេ?

ទី៨៖ ហេតុអីអ្នកនយោបាយ និងមនុស្សរបស់លោក សម រង្ស៉ី ចេញមកការពារ និងប្រឆាំងចំពោះការសម្រេចរបស់តុលាការ ដើម្បីរឹបអូសទីស្នាក់ការនិងផ្ទះរបស់លោក សម រង្ស៉ី? ហេតុផលសំខាន់បំផុតមួយ គឺអាគារនេះធ្លាប់ជាទីស្នាក់ការគណបក្សសមរង្ស៉ី នៅមុនការរួបរួមនិងច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដូច្នេះពួកគេរំពឹងយ៉ាងមុតមាំថានឹងអាចយកអាគារនេះជាជម្រកឱ្យគណបក្សភ្លើងទៀនដែលកើតចេញពីគណបក្សសមរង្ស៉ីវិញ។ ជាយុទ្ធសាស្រ្តនយោបាយនិងបោះឆ្នោត គឺពួកគេចង់ប្រើប្រាស់អតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ជាការតំណាងឱ្យនិមិត្តរូបនិងដួងព្រលឹងរបស់គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើជាសារនយោបាយទៅបញ្ចុះបញ្ចូលឱ្យមានការគាំទ្រ។ លោក ថាច់ សេដ្ឋា ដែលទើបត្រូវបានចាត់តាំងឱ្យចូលខ្លួនទៅដឹកនាំគណបក្សភ្លើងទៀនឡើងវិញ និងលោក យូសៀង ហេង អតីតសមាជិកព្រឹទ្ធសភា បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់ពួកគេរៀងៗខ្លួនថា «គណបក្សភ្លើងទៀនបន្តស្មាេតីសង្រ្គោះជាតិ!»

ទី៩៖ គណបក្សភ្លើងទៀនប្រកាសដំណើរការឡើងវិញៈ ប្រសិនជាគ្មានការឯកភាពពីលោក សម រង្ស៉ី ដែលជាប្រធានស្ថាបនិកនៃគណបក្សជាតិខ្មែរ (ឆ្នាំ១៩៩៥) ក្រោយប្តូរឈ្មោះមកជា គណបក្សសមរង្ស៉ី (ឆ្នាំ១៩៩៨) និងក្រោយមកទៀតប្តូរឈ្មោះទៅជា គណបក្សភ្លើងទៀន (២០១៧) គ្មានអ្នកនយោបាយណាអាចយកទៅប្រើប្រាស់ជាប្រយោជន៍នយោបាយបានឡើង ព្រោះគណបក្សនេះជាដៃគូក្នុងគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ហើយលោក សម រង្ស៉ី ខ្លួនឯងកំពុងតែតាំងខ្លួនជាប្រធានស្តីទីគណបក្សនេះនៅឡើយ។ ប្រសិនជាគណបក្សភ្លើងទៀនបានប្រកាសដំណើរការឡើងវិញ និងចូលរួមបោះឆ្នោតខាងមុខ គឺមានន័យថាសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៉ី (គណបក្សភ្លើងទៀន) និង គណបក្សសិទ្ធិមនុស្ស ឬ សម្ព័ន្ធភាពនយោបាយ(ដៃគូនយោបាយ) រវាង សម រង្ស៉ី និង កឹម សុខា ត្រូវបានបញ្ចប់ជាស្ថាពរ ព្រោះគណបក្សដៃគូបានដកខ្លួនចេញទៅចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ អ្វីដែលមើលឃើញកាន់តែច្បាស់នោះ គឺគណបក្សសិទ្ធិមនុស្សត្រូវបានព្យួរដំណើរការ រីឯគណបក្សភ្លើងទៀនកំពុងរៀបចំដំណើរការឡើងវិញទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ដូច្នេះ សម្ព័ន្ធភាពរវាង សម រង្ស៉ី និង កឹម សុខា ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្ត និងលោក សម រង្ស៉ី មិនអាចបន្តអះអាងខ្លួនជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ តទៅទៀតទេ។ តាមពិតលោក សម រង្ស៉ី មានចេតនាប្រើប្រាស់ល្បិចនេះក្រុងលោក កឹម សុខា ទុកក្នុងអង្រុត ខណៈដែលខ្លួនឯងមិនអាចវិលត្រឡប់ចូលប្រទេសបន្តជីវិតនយោបាយវិញបាន ហើយឆ្លៀតពេលបញ្ឆេះគណបក្សភ្លើងទៀនឱ្យដំណើរការឡើងវិញ ដើម្បីស្រោចស្រង់ជីវិតនយោបាយខ្លួនទៅថ្ងៃអនាគត។ យើងជឿជាក់ដា លោក កឹម សុខា កាន់តែយល់ច្បាស់ពីកលល្បិចនិងយុទ្ធសាស្រ្តលាក់កំបិតពីក្រោយខ្នងរបស់លោក សម រង្ស៉ី ហើយគាត់ប្រាកដជាជម្រះចំណងនេះរួចហើយ ដើម្បីបន្តជីវភាពនយោបាយតទៅមុខទៀត នៅពេលណាមានឱកាសមកដល់។

ទី១០៖ អ្វីដែលពិតប្រាកដដែលយើងទាំងអស់គ្នាត្រូវចងចាំនោះ លុយគម្រោងទូរទស្សន៍ព្រះអាទិត្យ គឺជាលុយញើសឈាមរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។ គណបក្សប្រមូលលុយបានជាង ៧០ម៉ឺនដុល្លារ ដោយយក ១០ម៉ឺនដុល្លារ ទៅទិញដីមួយកន្លែងនៅក្រុងតាខ្មៅដោយដាក់ឈ្មោះ លោក ឃឹម ឡាគី ជាកម្មសិទ្ធិករ។ ដូច្នេះលុយជាង ៦០ម៉ឺនដុល្លារទៀត ត្រូវបានយកតម្កល់ផ្ញើនៅធនាគារ ប៉ុន្តែត្រូវបានដកចេញពីគណនីធនាគារដោយ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា នៅក្រោយការចាប់ខ្លួនលោក កឹម សុខា ភ្លាមៗ ហើយរហូតមកដល់ពេលលុយប្រមាណជាជិត ១លានដុល្លារ (ទាំងប្រាក់ដើម ទាំងប្រាក់ការ) ត្រូវបាត់ស្ងាត់ឈឹង ដោយគ្មានការបញ្ជាក់ពីបុគ្គលពីររូប និងលោក សម រង្ស៉ី ឡើយ។ កាសែតឌឺខេមបូឌាដេលី (The Cambodia Daily) ធ្លាប់ចោទសួរលោក សម រង្ស៉ី អំពីរឿងបាត់លុយទូរទស្សន៍នេះ ប៉ុន្តែគាត់ខឹងច្រឡោតតោតតូង មិនព្រមឆ្លើយតបនឹងសំណួរ។ ចំណែកដីមួយកន្លែងសម្រាប់សាងសង់ស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យនៅក្រុងតាខ្មៅ ដែលមានឈ្មោះ ឃឹម ឡាគី ជាកម្មសិទ្ធិករ ក៏មិនទាន់មានការបញ្ជាក់ថាដីនេះនៅដដែល ឬត្រូវបានគេដោះដូរ ឬលក់ នៅឡើយទេ។ លុយទូរទស្សន៍នេះនៅមិនទាន់បូកបញ្ចូលលុយគណបក្សដែលនៅក្រោមការគ្រប់គ្រងរបស់លោក គី វណ្ណដារ៉ា ខណៈដែលគ្មាននរណាម្នាក់ដឹងពីចំនួនជាក់លាក់នោះទេ។ ចុះហេតុអីបានលោក សម រង្ស៉ី និងអ្នកនយោបាយរបស់គាត់ មិនដែលហើបមាត់ប្រាប់ឱ្យបានច្បាស់លាស់ថានរណាកំពុងគ្រប់គ្រងលុយនេះ ហើយលុយនេះនៅឯណា? នេះជាលុយសុទ្ធ មិនមែនជាសំណង់អាគារ ឬដីនោះទេ ដូច្នេះមិនពិបាកប្រាប់ ឬគណនានោះទេ។ តើលុយទូរទស្សន៍ព្រះអាទិត្យ និងទីស្នាក់ការគណបក្សខុសគ្នាត្រង់ណា បានជាពួកគេចេញមកព្រោងព្រាត ដើម្បីតវ៉ា និងការពារ? តើលុយសម្រាប់គម្រោងទូរទស្សន៍ព្រះអាទិត្យមិនមែនជាលុយញើសឈាមរបស់អ្នកគាំទ្រ ទេឬ? លោក សម រង្ស៉ី និងអ្នកនយោបាយរបស់គាត់ត្រូវដឹងថា លុយទូរទស្សន៍ព្រះអាទិត្យមិនអាចត្រូវបានគេយកមកចែកគ្នាចាយ ឬយកទៅគាំទ្រដល់ប្រតិបត្តិការរបស់គណបក្សនយោបាយណាមួយ ឬគម្រោងផ្សេងបានឡើយ ព្រោះលុយនេះត្រូវបានប្រមូលមកបានដោយផ្អែកលើគម្រោងនិងគោលបំណងជាក់លាក់។ តាមការពិនិត្យទិដ្ឋភាពច្បាប់ លុយនេះត្រូវតែបង្វែរចូលមូលនិធិមនុស្សធម៌ ដូចជាបរិច្ចាគ ឬឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ ឬមណ្ឌលកុមារកំព្រាផ្សេងៗ ឬសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងរោគរាតត្បាតកូវីដ-១៩។

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមទៀតថា៖ «កុំធ្វើខ្លួនជាអ្នកឆ្លាតពេក ក្រដាសខ្ចប់ភ្លើងមិនជិតទេ! យើងមើលឃើញយ៉ាងច្បាស់នូវល្បិចបង្កើតមនុស្សចម្បើងរបស់ ជូ កឺលៀង ដើម្បីប្រមូលផ្លែជ្រួញពីកងទ័ពរបស់ ស្តេចក្រាញ់ ឆាវឆាវ ដែលលោក សម រង្ស៉ី កំពុងអនុវត្តនាពេលនេះ»