(ភ្នំពេញ)៖ បុរសម្នាក់ត្រូវគូជម្លោះចាក់មួយកាំបិត ចិតបន្លែ ចំកន្លែងបោះដៃផុតខាងស្តាំ បណ្តាលឲ្យជាប់កាំបិត នៅឆ្កឹងតែម្តង ហើយបានដាច់ខ្យល់ស្លាប់ ពេលសាច់ញាតិ កំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី។ អំពើឃាតកម្មមួយនេះ បានកើតឡើងនៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះឈ្មោះ ចាន់ ប៊ុនថេត  ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ  ផ្ទះគ្មានលេខមាត់ទន្លេ ក្រុមទី៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ក្រោយចាក់សម្លាប់ជនរងគ្រោះរួចហើយ ជនល្មើសបានរត់គេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ច បាននិងកំពុងតាមចាប់។

លោក ម៉ៅ សឿត អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ ឌីម៉ង (មុខសញ្ញាចេញពី ពន្ធនាគារពីបទលួច) អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមាត់ទន្លេ ក្រុម៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ដោយឡែកជនសង្ស័យ ឈ្មោះ ផាត ភី អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលំ ក្រុម៩ ភូមិដើមចាន់១ សង្កត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បាននិងកំពុងរត់គេចខ្លួន។

លោក ម៉ៅ សឿត បានបញ្ជាក់ថា មុនពេលកើតហេតុ កន្លងមកជនសង្ស័យ និងសាកសពធ្លាប់មានទំនាស់គ្នា ដេញកាប់គ្នាជាច្រើនលើក ។ លុះដល់ម៉ោង៨យប់ថ្ងៃ១២ ខែមេសា ឆ្នាំ២០១៦ នៅ ចំណុចខាងលើ អ្នកទាំងពីរបានជួបគ្នាទាក់សំដីជាមួយគ្នា ពេលនោះជនសង្ស័យយកកូនកាំបិតចិតបន្លែដងពណ៍លឿង ដែលលាក់នៅចង្កេះមកចាក់ចំត្រង់កន្លែង បោះដៃផុតខាងស្តាំ រួចជនសង្ស័យរត់គេចខ្លួនបាត់ ដោយឡែកសាកសពស្រែកឲ្យគេជួយ ពេលនោះប្រជាពលរដ្ឋនៅក្បែរនោះ បានយកម៉ូតូដឹកសាកសព ដល់មន្ទីពេទ្យសូវៀតដាច់ខ្យល់ស្លាប់៕