(ភ្នំពេញ)៖ អាជ្ញាធរថៃ បានអនុញ្ញាតឲ្យពលករ-ពលការិនីខ្មែរ និងអ្នករស់នៅក្នុងបន្ទុកអាយុក្រោម ១៨ឆ្នាំ ដែលពុំទាន់មានឯកសារ ត្រឹមត្រូវ អាចធ្វើដំណើរចេញពីកំពុងធ្វើការ ទៅខេត្តផ្សេងៗ និងចេញពីប្រទេសថៃមកលេងស្រុកកំណើត ហើយត្រឡប់ទៅប្រទេស ថៃវិញ ក្រោយចប់ចូលឆ្នាំខ្មែរ ដោយពុំតម្រូវឲ្យបង់ថ្លៃសេវាអ្វីទាំងអស់នៅច្រកព្រំដែន។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ។

លោក ជុំ សុន្ទរី ក៏បានឲ្យដឹងដែរថា អាជ្ញាធរថៃ ក៏បានអនុញ្ញាតឲ្យពលករ-ពលការិនីខ្មែរ មានប័ណ្ណស្នាក់នៅបណ្ដោះអាសន្ន (ប័ណ្ណស៊ី ជំពូ) ច្បាប់ដើម និងឯកសារធ្វើដំណើរផ្សេងៗដូចជា លិខិតឆ្លងដែន លិខិតបញ្ជាក់អត្តសញ្ញាណ និង ឯកសារធ្វើដំណើររបស់ពលករ នៅបរទេស អាចធ្វើដំណើរចេញពីប្រទេសថៃ គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ និងវិលត្រឡប់មកកន្លែងការងារនៅថៃវិញ តែ មិនឲ្យហួសពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នោះឡើយ។

យោងតាមសេចក្តីជូនព័ត៌មានដដែលនេះ ក៏បានឲ្យដឹងផងដែរថា ពលករខ្មែរ ៣៥នាក់ ដែលបានចូលទៅបម្រើការងារនៅប្រទេសថៃ ដោយពុំមានលិខិតឆ្លងដែន ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ពេលកំពុងធ្វើដំណើរត្រឡប់មកស្រុកកំណើតនោះ ត្រូវបានដោះលែងវិញ ហើយ បន្ទាប់ពីទទួលបានកិច្ចអន្តរាគមន៍ពីឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសថៃ។

លោក ជុំ សុន្ទរី បានឲ្យកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ អាជ្ញាធរថៃ បានឃាត់ខ្លួនពលករខ្មែរ ៣៥នាក់ ក្នុងនោះស្រី  ១៧នាក់ នៅខេត្តឈុនបុរី ពេលពួកគេធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដោយពុំមានលិខិតឆ្លងដែន។ ពលករខ្មែរទាំង ៣៥នាក់នេះ បានចូលទៅធ្វើការនៅក្រុមហ៊ុនសំណង់មួយដោយខុសច្បាប់៕