(បន្ទាយមានជ័យ)៖ រោងម៉ាស៊ីកិនស្រូវមួយដ៏ធំ ស្ថិតនៅភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានភ្លើងឆេះបំផ្លាញស្ទើរទាំងស្រុង នៅទាបភ្លឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ដែលបណ្តាលឲ្យខូចខាត បើគិតទឹកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារផងដែរ ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៌ ពន្លត់អគ្គិភ័យខាងលើនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ប្រើពេលប្រមាណ៥ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ស្នងការនគបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៌ទោ អាត់ ខែម បានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីអភិបាលស្រុកអូរជ្រៅភ្លាម លោកបានដឹកនាំកម្លាំងនគរបាល និងបញ្ជាឲ្យយករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន២គ្រឿង អធិការដ្ឋានក្រុងប៉ោយប៉ែត១គ្រឿង និងកាស៊ីណូនៅប៉ោយប៉ែត១គ្រឿង ចេញទៅជួយបាញ់ពន្លត់ ប៉ុន្តែដោយសារទៅតាំងកើតហេតុឆ្ងាយ ពោលមានចំងាយប្រមាណ២១គីឡូម៉ែត្រ ដែលចុះពីផ្លូវជាតិ៨គីឡូម៉ែត្រផងនោះ ធ្វើឲ្យមានការលំបាកបន្តិច។ យ៉ាងណាក៏ដោយ បើតាមលោកស្នងការ សម្រាប់គ្រោះអគ្គិភ័យមួយនេះ យើងអាចគ្រប់គ្រងស្ថានការណ៌បានទាំងស្រុង នៅវេលាម៉ោងជិត៨ព្រឹក ហើយក៏អាចទប់ស្កាត់មិនឲ្យមានការឆេះរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែរខាងផងដែរ។

លោកឧត្តមសេនីយ៌ស្នងការបានបញ្ជាក់ថា ករណីនេះ បានកើតឡើងដោយគ្មាននរណាម្នាក់ដឹងនោះឡើយ ពោលម្ចាស់រោងម៉ាស៊ីន មានឈ្មោះ ញ៉ឹក ធូ អាយុ៣៨ឆ្នាំ និងក្រុមគ្រួសារទាំងមូល បានដេកនៅផ្ទះវីឡាក្បែរនោះ លុះចេញជាអណ្តាតភ្លើងហើយ ទើបមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្បែរខាង។

សម្រាប់មូលហេតុវិញ ត្រូវបានសមត្ថកិច្ចអះអាងថា ឆេះនៅក្បែរម៉ាស៉ីន ពីព្រោះរោងម៉ាស៉ីននេះ កិនស្រូវមួយថ្ងៃៗពេញ ចឹងអាចក្តៅពេក ក៏បណ្តាលឲ្យឆេះកន្ទេចអង្កាម រហូតមានភ្លើងខ្លាំងតែម្តង រហូតឆេះម៉ាស៊ីនមួយគ្រឿង រោងម៉ាស៊ីនមួយខ្នង ស្រូវ អង្ករមានចំនួន១២០០០០បាវ ហើយប្រើទឹកបាញ់ពន្លត់ ចំនួន១៨ម៉ឺនលីត្រ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១២ ខែមេសានេះ ក្រោយបញ្ចប់ការដឹកនាំជួយអន្តរាគមន៌អគ្គិភ័យ លោកឧត្តមសេនីយ៌ស្នងការ បានមកជួបជាមួយកងកម្លាំងនគរបាល និងរដ្ឋអំណាចមូលដ្ឋាន នៅទីរួមខេត្ត ដើម្បីដាក់ផែនការបន្ត និងពង្រឹងបញ្ហាសន្តិសុខ ជូនប្រជាពលរដ្ឋ នាបុណ្យចូលឆ្នាំកាន់តែល្អប្រសើរ។

លោកស្នងការបានណែនាំ ដល់កងកម្លាំងនគរបាល និងរដ្ឋអំណាចមូលដ្ឋានត្រូវអប់រំ ប្រជាពលរដ្ឋ មិនត្រូវលែងអ្វីដែលនាំគ្រោះថ្នាក់ និងអាជ្ញាធរហាមប្រាមនោះទេ ដូចជាការគប់ទឹក បង្ហោះម៉ូតូ និងមួយទៀតនោះ គឺការពង្រាយកម្លាំង ការពារបញ្ហាសន្តិសុខនៅតាមវត្តអារាម និងកន្លែងរាំជាដើម ខ្លាចមានការដេញវាយគ្នា៕

Advertising